ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនអញ្ជើញចូលរួមពិធីផ្ទេរប្រគល់សម្ភារៈជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិនជូនក្រសួងការពារជាតិកម្ពុជា

14

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នាព្រឹកថ្ងៃទី១ខែកញ្ញា ពិធីផ្ទេរប្រគល់សម្ភារៈជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិនជូនក្រសួងការពារជាតិកម្ពុជា ត្រូវបានប្រារព្ធឡើងនៅវិមានឈ្នះឈ្នះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីខាងលើ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា កងទ័ពចិននិងកម្ពុជា គឺជាបងប្អូនល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា គឺជាដៃគូល្អដែលនិយាយតិចតែអនុវត្តសកម្មភាពច្រើន។

រថយន្តចំនួន១៥០គ្រឿងនិងសម្ភារៈផ្សេងទៀតដែលជាជំនួយនាលើកនេះគឺបង្ហាញពីការគាំទ្រលម្អិតរបស់ក្រសួងការពារជាតិចិនជូនចំពោះក្រសួងការពារជាតិកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពាក់ព័ន្ធស្តីពីរដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងឆ្នាំ២០២២នេះ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាកម្ពុជាអាចដើរតួនាទីកាន់តែសកម្មនិងសំខាន់ក្នុងកិច្ចការសន្តិសុខក្នុងតំបន់។

កងទ័ពចិននឹងពួតដៃជាមួយកងយោធពលខេមរភូមិន្ទ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅ រក្សាស្ថិរភាពក្នុងតំបន់ ការពារផលប្រយោជន៍រួម។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា អនុវត្តកុងសុងស៊ីសសំខាន់ៗដែលថ្នាក់ដឹកនាំទាំងពីរប្រទេសកំណត់ជូន ហើយរួមចំណែកកាន់តែច្រើនក្នុងការលើកកម្ពស់ផលប្រយោជន៍របស់ប្រជាជនទាំងពីរប្រទេសនិងការកសាងសហគមន៍វាសនារួមរវាងចិន-អាស៊ាន។

សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងឱ្យក្រសួងការពារជាតិកម្ពុជានិងកងយោធពលខេមរភូមិន្ទថ្លែងអំណរគុណដល់ភាគីចិន និងមានប្រសាសន៍ថា កម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ២០២២នេះ ហើយក្រសួងការពារជាតិកម្ពុជាទទួលបន្ទុករៀបចំកិច្ចប្រជុំពាក់ព័ន្ធស្តីពីរដ្ឋមន្ត្រីការពារជាតិអាស៊ាន។ រថយន្តនិងឧបករណ៍ទំនាក់ទំនងជាដើមកំពុងមានតម្រូវការចាំបាច់បំផុត សម្ភារៈទាំងអស់នេះដែលជាជំនួយរបស់ភាគីចិននាលើកនេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីការជួយគ្នាក្នុងគ្រាចាំបាច់។

ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាកប្រកបដោយឆន្ទៈគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត កម្ពុជានឹងចងចាំនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់ភាគីចិន ហើយរីករាយសហការជាមួយភាគីចិនរួមគ្នារក្សានិងលើកកម្ពស់”ចំណងមិត្តភាពដែកថែប”រវាងកម្ពុជា-ចិនឱ្យកាន់តែស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងការលើកកម្ពស់វិបុលភាពនិងការអភិវឌ្ឍន៍។

ឯកឧត្តម ឯកអគ្គរដ្ឋទូត និង សម្តេចពិជ័យសេនា អញ្ជើញចូលរួមជាសក្ខីភាព ក្នុងការតំណាងចុះហត្ថលេខារវាងលោក Tang Hao សេនានុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និង នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនៃក្រសួងការពារជាតិ លើលិខិតផ្ទេរប្រគល់សម្ភារៈខាងលើ។ បន្ទាប់មក ឯកឧត្តមឯកអគ្គរដ្ឋទូតនិងសម្ដេចពិជ័យសេនាក៏បានអញ្ជើញត្រួតពិនិត្យសម្ភារៈខាងលើ៕