រដ្ឋបាលខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ និងបានធ្វើកិច្ចសន្យាណែនាំអប់រំជាមួយម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រ ឈប់រំលោភនៅលើចិញ្ចើមផ្លូវសាធារណៈ

15

យោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងបញ្ជាដឹកនាំរបស់ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក វេលាទៀបភ្លឺ ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២  ម៉ោង៤ និង០០នាទី លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ ចុះដកហូតយកកេសវេចខ្ចប់គ្រឿងសមុទ្រចំនួន ៤០កេស និងបានធ្វើកិច្ចសន្យាណែនាំអប់រំជាមួយម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រ រំលោភនៅលើចិញ្ចើមផ្លូវសាធារណៈ ដោយមានខ្លឹមសារដូចខាងក្រោម ៖

– ហាមមិនឲ្យយកចិញ្ចើមផ្លូវដាក់តាំង ឬទំលាក់លក់របស់របរផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នៅលើផ្លូវ ៥៩៨ ពិសេសទំលាក់ ឬចែកចាយគ្រឿងសមុទ្រលើចិញ្ចើមផ្លូវ ជាប់របងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី ២ កញ្ញា ២០២២ តទៅ។

– ប្រសិនបើមិនសហការ ឬនៅតែបន្តដាក់តាំង ឬទំលាក់នៅទីតាំងខាងលើដដែល នោះអាជ្ញាធរនឹងអនុវត្តវិធានការច្បាប់ ដកហូតសម្ភារៈ ឬគ្រឿងសមុទ្រ មករក្សាទុក នៅរដ្ឋបាលខណ្ឌទួលគោក ដោយមិនទទួលខុសត្រូវលើការបាត់បង់ និងខូចខាតនោះឡើយ ។ ជាចុងក្រោយ ម្ចាស់អាជីវកម្មខាងលើ បានព្រមព្រៀង និងផ្ដិតមេដៃ លើកិច្ចសន្យាអប់រំណែនាំជាមួយ អាជ្ញាធរ រួចហើយផងដែរ៕