នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្ត សៀមរាប នៅបន្តសម្រប សម្រួល ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលមានបំណងចាកចេញពីដីចម្ការរបស់លោកខឹម វាសនា នៅជើងភ្នំគូលែន ទៅកាន់លំនៅឋានវិញ។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋនាបរិវេណភូមិសសីរ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀម រាប នៅព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២២នេះថា អាជ្ញាធរខេត្តសៀមរាបកំពុងបន្តបិទមិនឱ្យប្រជាពលរដ្ឋចូលមកក្នុងតំបន់ហាមឃាត់ និងអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងចម្ការរបស់លោកខឹម វាសនា ឱ្យចាក ចេញទៅកាន់លំនៅស្ថានវិញ ព្រោះអាជ្ញាធរយល់ថា ពួក គាត់មានផលប៉ះពាល់ដល់សុខុមាលភាពទាំងមនុស្ស ចាស់ និងកុមារ ប្រឈមមុខ នឹងការឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ បាត់បង់ការងារធ្វើឱ្យកុមារមិនបានសិក្សារៀន សូត្រ ខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។ ឯកឧត្តមបន្តថា មកដល់ថ្ងៃទី៣១ ខែ សីហានេះហើយ នៅមិនទាន់មានហេតុការណ៍ណាមួយបានកើតឡើង ដូចការ ប្រកាសរបស់លោកខឹម វាសនាឡើយ។ ឯកឧត្តមបន្តទៀតថា មក ដល់ពេលនេះកងកម្លាំងសមត្ថកិច្ចបានត្រៀមខ្លួនរួច ជាស្រេច តែក៏មិនមានការប៉ះទង្គិចណាមួយរវាងកម្លាំងសមត្ថកិច្ច និងកម្លាំងគណបក្សLDPឡើយ។
ក្នុងនោះអាជ្ញាធរខេត្តកំពុងបន្តសម្របសម្រួល នឹងបានត្រៀមមធ្យោបាយធ្វើដំណើររួចជាស្រេច សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រ ចិត្តចាកចេញពីចម្ការរបស់លោកខឹម វាសនា នៅជើងភ្នំគូលែន ដើម្បីទៅកាន់បណ្តាខេត្ត និងលំនៅឋានរបស់ខ្លួនវិញ។ សំឡេង៖មិនថាសមាជិករបស់គណបក្សLDPក្តីឬក៏អ្នកមកពីក្រៅ មកពីកូរ៉េ មកពីជប៉ុនក្តីគឺសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ យើងទាំងអស់ អ៊ីចឹងរាជរដ្ឋាភិ បាលមិនអាចទទួលយកបាន ទេនូវអ្វីដែលលោក ខឹម វាសនា កំពុងធ្វើនេះ អ៊ីចឹងថ្ងៃនេះយើងកំពុងតែចរចាធ្វើយ៉ាងណា ឱ្យមេដឹកនាំរបស់គណបក្សLDPនេះ ដើម្បីរំសាយទាំងស្រុងតែម្តងនៅក្នុងជំរំ តែវិធានការរដ្ឋបាល យើងធ្វើយ៉ាងណាឱ្យប្រជា ពលរដ្ឋស្ម័គ្រចេញពីជំរំមក យើងនិងរៀបចំមធ្យោបាយធ្វើដំណើរដឹកជញ្ជូនគាត់ទៅបណ្តារាជធានីខេត្តក្រុងគាត់វិញ។ ឯកឧត្តមអភិបាលខេត្តសៀមរាបបានលើកឡើងបន្តថា ចំពោះប្រជាពលរដ្ឋដែលចាកចេញនៅថ្ងៃនេះ គឺមានមន្រ្តីសុខាភិបាលធ្វើការពិនិត្យសុខភាព រកកូវីដ១៩ និងជំងឺផ្សេងៗ មុននឹងក្រុមដឹកជញ្ជូនទៅតាមខេត្តគោលដៅដែលពួកគាត់រស់នៅ។
សូមជម្រាបផងដែរថា ចាប់ តាំងពីថ្ងៃទី២៣ខែសីហាមក លោក ខឹម វាសនា មេបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឱ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋជិត២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើ ការនៅក្រៅប្រទេស ក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។ រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋមានក្មេង ចាស់ ប្រុស ស្រី បានចាកចេញពីចម្ការរបស់លោកខឹម វាសនា ជាបណ្តើរៗដោយមានការជួយសម្របសម្រួលពីអាជ្ញាធរ៕