គណៈប្រតិភូសភាសហរដ្ឋអាមេរិក កោតសរសើរអំពីវឌ្ឍនភាពការងារក្នុងវិស័យបរិស្ថានកម្ពុជា

18

ឯកឧត្តម  សាយ  សំអាល់  រដ្ឋមន្រ្តី ក្រសួងបរិស្ថាន  បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក  ដឹកនាំដោយឯកឧត្តម  Stephen Cohen ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងយល់អំពីវិស័យបរិស្ថានកម្ពុជា នាល្ងាច  ថ្ងៃទី២៩  ខែសីហា  ឆ្នាំ២០២២  នៅសណ្ឋាគារ  ហៃយ៉ាត់  រីជិនស៊ីភ្នំពេញ។

ក្នុងឱកាសនោះ   ឯកឧត្តមរដ្ឋមន្រ្តី  បានជម្រាបជូនអំពីវឌ្ឍនភាពក្នុងវិស័យបរិស្ថាន ដែលបានវិវឌ្ឍទៅតាមដំណើរសច្ចធម៌ប្រវត្តិសាស្ត្រដែលប្រទេស និងប្រជាជនកម្ពុជាបានឆ្លងកាត់ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាទៅតាមនិន្នាការពិភពលោក។ សុខសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ  គឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត អនុញ្ញាតឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ចសង្គមជារួម និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការផ្លាស់ប្តូរជាវិជ្ជមាននូវឥរិយាបថប្រជាជន ឱ្យយកចិត្តទុកដាក់និងផ្តល់សារសំខាន់កាន់តែខ្លាំងលើបញ្ហាបរិស្ថាន និងការអភិរក្សធម្មជាតិ។ ជាក់ស្តែង ប្រជាជនកម្ពុជា ជាពិសេសយុវជន ជាទូទៅ មានការយល់ដឹង និងចូលរួមក្នុងកិច្ចការបរិស្ថាន ជាពិសេសប្រតិបត្តិមេត្រីបរិស្ថាន គួរឱ្យកត់សម្គាល់។ ជាងនេះទៀត ដោយសារវឌ្ឍនភាពសេដ្ឋកិច្ចជាតិ និងជីវភាពល្អប្រសើរជាលំដាប់ ប្រជាពលរដ្ឋកម្ពុជា បានងាកមកប្រើប្រាស់សេវាកម្មឧទ្យានជាតិ និងតំបន់ការពារធម្មជាតិកម្ពុជា ជាទីកន្លែងលំហែរកំសាន្ត និងស្វែងយល់បង្កើនចំណេះដឹងអំពីធម្មជាតិ និងជីវៈចម្រុះ កាន់តែច្រើនឡើងៗ មិនធ្លាប់មានពីមុនមក ដែលការណ៍នេះបានជួយរួមចំណែកដល់កិច្ចការបរិស្ថាន ឱ្យស្ថិតនៅលើមាគ៌ាមួយជាវិជ្ជមាន។

ទន្ទឹមនឹងនោះ  ឯកឧត្តមរដ្ឋមន្រ្តី  ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍ប្រជាជាតិ  និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន  ការអភិរក្សជីវចម្រុះ  និងការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាអំពីសារសំខាន់នៃការថែរក្សាព្រៃឈើឱ្យនៅឈរ ដើម្បីរកចំណូលបន្ថែមតាមរយៈការលក់ឥណទានកាបូន សំដៅលើកកម្ពស់ការអភិវឌ្ឍនៅមូលដ្ឋាន ផង និងចូលរួមដោះស្រាយបញ្ញាប្រឈមជាសកលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះផង។