អា.សូរណាស់ ផ្ទុះគម្របទ្វារមេនត្រូវលោកតាអាចារ្យភ្លុកស្លា.ប់ម្នាក់

40

ខេត្តកំពង់ចាម ៖ អាចារ្យភ្លុកឈ្មោះ ហុឹម សឿន ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារផ្ទុះមេនបូជាសពហើយបានខ្ទាតដែកទ្វារមេនមកត្រូវចំក្បាលរបស់គាត់ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទីរសៀល ក្នុងពិធីដង្ហែសពឈ្មោះ ធូ ធារ៉ាក់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម យកមកបូជានៅមេនបូជាសពសហគមន៍ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោកអធិការស្រុកជើងព្រៃ នួន ម៉េងហួរ បានឱ្យដឹងថា ពេលដង្ហែសពយកមកបូជានោះមានអាចារ្យភ្លុក ឈ្មោះ ហុឹម សឿន ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ នៅឃុំរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ជាអ្នកទទួលជួយរៀបចំបូជាសព ដោយប្រើអុសនិងប្រេងសាំងសម្រាប់បូជាសព។ ពេលដាក់សពចូលមេនហើយក៏រៀបចំអុសដាក់ពីលើហើយចាក់សាំងជាច្រើនលីត្រពីលើអុសនិងលើសព។

ពេលធ្វើរួចហើយលោកអាចារ្យភ្លុកឈ្មោះ ហុឹម សឿន និងបងប្អូនសាច់ញាតិសពបានបិទទ្វារមេនដោយដាក់គន្លឹះពីក្រៅ រួចនាំគ្នាដើរប្រទក្សិណបីជុំ លុះពេលដើរបានមួយជុំ លោកអាចារ្យភ្លុក ហុឹម សឿន បានកាន់ចន្លុះដែលដុតភ្លើងលើកជន្លលើកទី១នៅមុខទ្វារមេន ពេលនោះស្រាប់តែឆាបសាំងឆេះផ្ទុះមេនបណ្ដាលឱ្យខ្ទាតទ្វារមេនធ្វើពីដែកមកត្រូវចំសៀតផ្កាខាងឆ្វេងរបស់លោកអាចារ្យភ្លុក ឈ្មោះ ហុឹម សឿន បណ្ដាលឱ្យមានរបួសធ្ងន់ និងស្លាប់ភ្លាមៗនៅទីកន្លែងកើតហេតុតែម្ដង។

លោកអធិការបានឱ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាមលោកបានចាត់កម្លាំងជំនាញផែនព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ កាំង គីមហុង អធិការរងទទួលផែនព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង អាជ្ញាធរភូមិ ឃុំ គ្រូពេទ្យ និងបងប្អូនសាច់ញាតិរបស់សពធ្វើការពិនិត្យពីកន្លែងកើតហេតុឃើញថាកន្លែងកើតហេតុស្ថិតនៅទីកន្លែងមេនបូជាសពសហគមន៍ ក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម សង់ពីថ្មរៀបឥដ្ខ មានច្រកទ្វារដែកមួយសំរាប់ដាក់សពចូលនៅទិសខាងលិច និងមានបំពង់ផ្សែងមួយសម្រាប់បង្ហុយផ្សែងឡើងលើ ហើយអ្វីដែលកើតឡើងមិនមានពាក់ព័ន្ធករណីផ្សេងនោះទេ ៕