តើ ស.ស.យ.ក. បង្កើតឡើងក្នុងគោលបំណងអ្វី និងមានចក្ខុវិស័យយ៉ាងណាខ្លះ?

29

ក្រោមបរិយាកាសដ៏រីករាយ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ឆ្លើយតបថា ស.ស.យ.ក. បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ដើម្បីជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ទន្ទឹមនឹងនេះដែរ ស.ស.យ.ក. បានផ្តល់ឱកាសដល់យុវជនអោយទទួលបាននូវវគ្គបណ្តុះបណ្តាល រួមទាំងការបង្កើតកម្មពិធីផ្សេងៗដើម្បីពង្រឹងភាពជាអ្នកដឹកនាំ បណ្តុះស្មារតីស័្មគ្រចិត្ត និងការប្រកាន់ភ្ជាប់នូវស្មារតីសេ្នហាជាតិ។

ឯកឧត្តមបានបន្តទៀតថា ចក្ខុវិស័យរបស់ ស.ស.យ.ក. គឺចូលរួមជាវិជ្ជមានដល់សង្គមកម្ពុជា ជាពិសេសការបន្ដចូលរួម ជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័ន ដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នា លើការកសាងអភិវឌ្ឍន៍កម្ពុជាមួយភាពរឹងមាំ និងកាន់តែមានការទទួលស្គាល់ ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ អមជាមួយធនធានមនុស្សដែលប្រកបដោយសមត្ថភាព និងមានស្មារតីអភិវឌ្ឍជាតិប្រកបដោយឆន្ទៈ និងការប្រឹងប្រែងតស៊ូរៀនសូត្រ។

សូមជម្រាបជូនថានេះជាប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានីប្រធានស.ស.យ.ក ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃ សាកលវិទ្យាល័យជាតិជាសុីម កំចាយមារ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។