ស្លាខ្មែរកំពុងត្រូវប៉ាន់សម្រាប់នាំចេញទៅប្រទេសវៀតណាម ប្រមាណ៣០-៤០តោនក្នុង១ថ្ងៃ

52

ខេត្តត្បូងឃ្មុំ ៖ បច្ចុប្បន្ននេះស្លាខ្មែរកំពុងត្រូវប៉ាន់សម្រាប់នាំចេញទៅប្រទេសវៀតណាម។ ក្នុង១ថ្ងៃឈ្មួញដើរប្រមូលទិញស្លាពីអ្នកភូមិនៅតាមខេត្តត្បូងឃ្មុំ,កំពង់ចាម និងកំពង់ធំ ដើម្បីនាំទៅប្រទេសវៀតណាមប្រមាណ៣០ ទៅ៤០តោន។ អាចនិយាយបានថា ស្លាបានរួមចំណែកកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំណែកដែរ។

ផ្លែស្លាមានពីរប្រភេទ គឺប្រភេទផ្លែរាងមូលទ្រវែង និងប្រភេទផ្លែមូល។  ពេលផ្លែ ចាស់ល្មមអាចហាន់ជាចំណិតហាលឲ្យក្រៀម គេថា ស្លាចំណិតដែលគុណ ប្រយោជន៍ ប្រជាពលរដ្ឋខ្មែរយើង ចាស់ៗតែង ពិសាទាំងខ្ចី ទាំងចំណិតជាមួយម្លូរគ្រាន់កំដរមាត់ ពិសេសស្លាចំណិតគេអាចរៀបធ្វើជា ស្លាធម៌ មានលាយទៀន ធូប និងពិធីប្រពៃណីខ្មែរយើង មិនអាចអត់ស្លាបានឡើយ ហើយបច្ចុប្បន្នក៏នៅបន្តនិយមដែរ។

បងប្អូនកសិករយើងដាំស្លាក៏អាចរកចំណូលបានមួយផ្នែកធំសម្រាប់ជួយសេដ្ឋកិច្ចគ្រួសារបានដែរ ។ ផលស្លាល្អ ស្រួលលក់ ពោលគឺ មានម៉ូយចូលទិញដល់ផ្ទះតែម្តង ទាំងផ្លៃស្លាខ្ចី និងស្លាចំណិត។

បច្ចុប្បន្ន ផ្លែស្លាខ្ចីមូលទ្រវែង កំពុងត្រូវប៉ាន់ឈ្មួញសម្រុកទិញដឹកចេញពីខេត្តត្បូងឃ្មុំ ទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ មិនក្រោមពី៣០ទៅ៤០តោននោះទេ។

បងស្រី ណុច សុខឃីម អាយុ៥២ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំគ្រួសារគាត់តែងទិញស្លាពីបងប្អូនប្រជា ពលរដ្ឋមកហាត់ធ្វើស្លារចំណិត ដែលក្នុង១គីឡូក្រាមស្លាស្រស់តម្លៃ១២០០រៀល ហើយពេលស្លាក្រៀមលក់ចេញបានតម្លៃ២៧០០០រៀង។

ឆ្នាំនេះស្លាថោកជាងឆ្នាំទៅលក់បានតម្លៃ៣៥០០០ រៀល។ ក្នុងស្លាស្រស់៥០០គីឡូក្រាម ហាលក្រៀមចំណិតបានតែ៣៦គីឡូក្រាមតែប៉ុណ្ណោះ។ មុខរបរនេះ អាចរកចំណូលបាន៥ទៅ៦លានរៀលដែរក្នុង១ឆ្នាំៗ ជាចំណូលសំខាន់សម្រាប់ដោះស្រាយជីវភាពគ្រួសារបានដែរ ។ បើកសិករយើងមានដីទំហំធំដាំស្លារអាចរស់ស្រួលមែនទែន។

លោក ស៊ាន សឿន អាយុ៣០ឆ្នាំ រស់នៅភូមិចុងព្រែក ឃុំក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឲ្យដឹងដែរថា រាល់ថ្ងៃគាត់បានដើរទិញស្លារខ្ចីក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ យកមកលក់ឲ្យឈ្មួញកណ្តាល ក្នុង១គីឡូក្រាមបាន២៧០០រៀល ខណៈទិញពីគល់ តម្លៃ២០០០រៀល។

លោក ស៊ាន សឿន បន្ថែមថា គិតទៅក្នុង១ថ្ងៃអាចរកប្រាក់ចំណូលបាន៤ទៅ៥ម៉ឺនរៀលដែរ ហើយក្រុមខ្ញុំដែលនាំគ្នាដើរទិញពីគ្រប់មូលដ្ឋានទាំង៣ខេត្ត មានគ្នាចំនួន២០នាក់ ទិញរាល់ថ្ងៃ អាចរកចំណូលបានតាមលទ្ធភាពរៀងៗខ្លួន។

លោក ភិន វណ្ណៈ អាយុ២៨ឆ្នាំ រស់នៅភូមិជប់ ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំបានឲ្យដឹងដែរថា គាត់ជាអ្នកទទួលទិញស្លាខ្ចី ក្នុង១គីឡូក្រាមតម្លៃពី៣ ទៅ៤ពាន់រៀល ទិញតែប្រភេទស្លាមូលទ្រវែងទេ តែស្លាមូលអត់ទិញទេ ព្រោះទីផ្សារវៀតណាមស៉ីតែស្លាមូលវែងហើយខ្ចីទៀត។ ក្នុង១ថ្ងៃៗ គាត់អាចប្រមូលទិញបានពី៣ទៅ៤តោន ដឹកយកទៅលក់នៅប្រទេសវៀតណាម។

លោកបញ្ជាក់ទៀតថា ឈ្មួញមានច្រើន រាល់ថ្ងៃស្លាដឹកទៅលក់នៅប្រទេសវៀតណាមមិនក្រោមពី៣០ ទៅ៤០តោននោះទេ៕