លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចរាំងជ្រុំ កន្លុកបាយក្អែក ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

7

ខេត្ត​កំពង់ធំ ៖ ដោយសង្កេតឃើញបងប្អូនប្រជានេសាទបឹងទន្លេសាបនៅតែបន្តនេសាទមិនឈប់ឈរពិសេសគឺប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈទ្រុងទ្រាយធំ ដូច្នេះក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានហាមឃាត់ និងធ្វើការអប់រំជាច្រើនកន្លងមកហើយ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ នៅថ្ងៃអង្គារ៍ ០៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២​ បានដឹកនាំកម្លាំងចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចរាំងជ្រុំ និងកន្លុកបាយក្អែក ក្នុងភូមិសាស្ត្រ  ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ចំណែកឯបងប្អូនប្រជានេសាទមួយចំនួន នៅតែប្រព្រឹត្តមិនគោរពតាមគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ក្នុងនោះក្រុមការងារនៅតែអនុវត្តបន្តចុះបង្ក្រាបបទល្មើសបឹងទន្លេសាបដល់គោលដៅជាក់ស្ដែងលទ្ធផលទទួលបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំងប្រវែង៩០០ម៉ែត្រ របាំងស្បៃមុង ០៥របាំងប្រវែង៥០០ម៉ែត្រ ឡុកចំនួន១៦គ្រឿង លបលូ ចំនួន២០មាត់ បង្គោលចំនួន១២០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន២០គីឡូក្រាមចូលទន្លេវិញ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះកន្លងមក នៅបឹងទន្លេសាប ក្នុងនោះគឺបងប្អូនប្រជានេសាទនៅតែប្រើប្រាស់ឧបករណ៍នេសាទហួសដែនកំណត់។ ជាក់ស្ដែងខែរដូវទឹកឡើងគឺជារដូវត្រីពង ចូលរួមទប់ស្កាត់ការពារកុំឲ្យបាត់បង់នូវធនធានធម្មជាតិជាពិសេសកុំឲ្យដាច់ពូជត្រីដែលរស់នៅក្នុងបឹងទន្លេសាប៕