ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនករណីហិង្សាដោយចេតនា បន្ទាប់ពីជនសង្ស័យរូបនេះយកកាំបិតបុ័ងតោកាប់ទៅលើគូទំនាស់របស់ខ្លួនបណ្ដាលឱ្យរងរបួសស្លឹកត្រចៀកយ៉ាងដំណំ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទីនៅចំណុចភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តាំង អៀង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពពុះសណ្ដែក មានទីលំនៅភូមិឃុំកើតហេតុ មានរបួសស្នាម រយះស្លឹកត្រចៀក០១កន្លែង។ ជនសង្ស័យឈ្មោះ ញឹម ពន្លក ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ។ វត្ថុតាងចាប់យកមាន ៖ កាំបិតប៉័ងតោ ចំនួន០១, កាំបិតខ្វែវចំនួន០១ ។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀនប្រភេទម៉ាទឹកកក ហើយនៅឆ្នាំ២០១៩ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ០៦ខែ ពីបទហិង្សាដោយចេតនា។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលា ម៉ោង១៥និង០០នាទី ជនសង្ស័យនិងជនរងគ្រោះមានសភាពស្រវឹងស្រាដូចគ្នា ហើយជិះម៉ូតូបញ្ច្រាសទិញគ្នា ពេលជិះជួបគ្នាអ្នកទាំងពីរបម្រុងជិះបុកគ្នា ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ព្រមទាំងប្រតាយប្រតប់គ្នាថែមទៀតផង។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូទៅផ្ទះយកកាំបិតខ្វែវពីផ្ទះរបស់ខ្លួន រួចដើរសំដៅទៅរកជនរងគ្រោះ។
ពេលនោះជនរងគ្រោះក៏ទាញកាំបិតប៉័ងតោគប់សំដៅទៅជនសង្ស័យតែមិនត្រូវ ភ្លាមនោះជនសង្ស័យបានស្ទុះទៅកាប់ជនរងគ្រោះមួយកាំបិតត្រូវចំស្លឹកត្រចៀកខាងស្ដាំ បណ្ដាលរយះចេញឈាម ។
បន្ទាប់មក កម្លាំងប៉ុស្តិ៍ពុកឫស្សីបានចុះទៅធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធី ៕