ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តមប្រធានក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានអញ្ជើញជាគណៈអធិបតីក្នុងពីធីសម្ពោធឆ្លង អគារធម្មសភា និងសមិទ្ធផលនានាក្នុងវត្តត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងថ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេន ព្រះថេរានុថេរ គ្រប់ព្រះអង្គ និងជូនចំពោះលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន និងប្អូនៗ ក្មួយៗយុវជន ដែលទោះបីសម្តេចទាំង២មិនបានមកជួបសំណេះសំណាលជាមួយបងប្អូនផ្ទាល់ តែលោកសូមផ្ញើសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរទុក្ខ ជាពិសេសសូមឱ្យបងប្អូនបន្តថែរក្សាសុខភាព ចៀសផុតពីជំងឺឆ្លងរាលដាលកាចសាហាវ។ ឆ្លៀតក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តមអ្នកតំណាងរាស្រ្តសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាដែលបានកើតឡើងនៅក្នុងវត្តត្រពាំងវែងនាឱកាសនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា ដែលក៏ដូចជាវិស័យដទៃៗទៀតដែរ ដែលកំពុងមានការអភិវឌ្ឍ ដោយសារគុណូបក្ការៈនៃសុខសន្តិភាព។ សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺកើតចេញពីការលះបង់ និងតស៊ូរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបានស្វែងរកការបញ្ចប់ជម្លោះផ្ទៃក្នុង និងបានបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍជាបន្តបន្ទាប់។ ជាពិសេស ក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសមត្ថភាពដឹកនាំ ដែលបានសម្រេចជោគជ័យក្នុងការការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ ដោយមិនឱ្យរងផលប៉ះពាល់ធ្ងនធ្ងរ និងកម្រិតអត្រាស្លាប់នៅទាបបំផុត ដែលឆ្លងតាមការវាយតម្លៃថ្មីៗ ដោយស្ថាប័ន Nikkei កម្ពុជាឈរនៅលំដាប់ថ្នាក់លេខ២ លើពិភពលោកដែលបានសម្រេចជោគជ័យក្នុងការប្រយុទ្ធនឹងការរាលដាលនៃជំងឺកូវីដ ១៩។
ជាទីបញ្ចប់ ឯកឧត្តម សូមថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តត្រពាំងវែង ដើម្បីជាឧត្តមប្រយោជន៍ដល់ព្រះពុទ្ធសាសនា ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផងដែរ។
សូមបញ្ជាក់ផងដែរថា ការប្រារព្ធពិធីឆ្លងសម្ពោធនាឱកាសនោះ ត្រូវបានរៀបចំឡើងដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវិធានសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។