មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ

14

(ហាណូយ)៖ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម ផ្វាន វ៉ាន់ហ្សាង អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជាមួយនឹងបណ្តាស្ថាប័ន-កងឯកភាពជាច្រើននៃកងទ័ពប្រជាជនវៀតណាម តាមរយៈសកម្មភាពជាច្រើន ទាំងការអប់រំបណ្តុះបណ្តាលធនមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូ, លំហាត់ហ្វឹកហ្វឺនរួម, ការផ្តល់ជំនួយយោធា និងសម្ព័ន្ធមេត្រីភាពរវាងអង្គភាព និងអង្គភាព។ ឆ្លងតាមជំនួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានស្នើសុំ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយថ្មីៗនេះ កម្ពុជាក៏ទើបទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM។ ទន្ទឹមនឹងនេះឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ និងរីករាយចំពោះទំនាក់ទំនងដែលបានឈានឡើងដល់កម្រិត ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្រ្តីការពារជាតិលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ និងកិច្ចប្រជុំត្រីភាគីរដ្ឋមន្រ្តីការពារជាតិ កម្ពុជា-ឡាវ-វៀតណាម (CLV) ព្រមទាំងការត្រៀមធ្វើលំហាត់រួមត្រីភាគីស្ដីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណា នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះទិសដៅដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា និងលើកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសំលឹងមើលសក្តានុពលថ្មីៗបន្ថែមទៀតសម្រាប់ពេលអនាគត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផ្វាន វ៉ាន់ហ្សាង ក៏បានសម្តែងនូវការអបអរសាទរ  និងការគាំទ្រផងដែរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត  ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាលើកទី៤៣ បោះឆ្នោតជាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ។