ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះ ហត្ថលេខាលើ៖
១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១.៣៨៨.០០០.០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងលោក ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។
២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺក ប្រធាន តំណាង JICA ប្រចាំកម្ពុជា។
ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេស កម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។ នៅមុនពិធីចុះហត្ថលេខា លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា នឹងអញ្ជើញចូលជួបសម្ដែងការ គួរសមចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៕