លោក ម៉ៅ ធនិន ចុះសម្របសម្រួលបើកផ្លូវចេញចូល ជូនប្រជាពលរដ្ឋ ចំនួន១៩គ្រួសារ

49

កំពត ៖ ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត លោកអភិបាលរងខេត្ត, ប្រធានមន្ទីរជំនាញខេត្ត, គណៈអភិបាលស្រុកកំពង់ត្រាច និងអាជ្ញាធរមូលដ្ឋានឃុំអង្គសុរភី ចុះអនុវត្តផ្ទាល់បើកផ្លូវចេញចូលជូនប្រជាពលរដ្ឋចំនួន១៩គ្រួសារ។

យោងតាមរបាយការណ៍ របស់អាជ្ញធរខេត្តកំពត បានឲ្យដឹងថា ទីតាំងខាងលើនេះកន្លងមកមានការធ្វើរបងបិទលើដីខ្នងប្រឡាយសាធារណៈដែលជាផ្លូវចេញចូល ស្ថិតនៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

របាយដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោមការសម្របសម្រួល របស់លោកអភិបាលខេត្តរួចមក ភាគីបំពានបានព្រមព្រៀងបើកផ្លូវទំហំ៥,៥ម៉ែត្រ ជាបណ្ដោះអាសន្ន ព្រមទាំងកាយរុះរើរបងដែលបំពានដើម្បីធ្វើផ្លូវចេញចូលជាប្រយោជន៍សាធារណៈឡើងវិញ។

ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋក៏បានគោរពដឹងគុណយ៉ាងកក់ក្តៅ របស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ចំពោះចំណាត់ការប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនពួកគាត់