មានការភ្ញាក់ផ្អើលមួយពេញផ្លូវសាធារណៈ ខណៈសមត្ថកិច្ច ដេញចាប់ឈ្មួញឈើខុសច្បាប់ឈ្មោះ អេប ផល

46

កំពង់ធំ៖មានការបង្ក្រាបដ៏ភ្ញាក់ផ្អើលមួយពេញផ្លូវសាធារណៈតែម្តង ដោយកម្លាំងចម្រុះ ដេញតាមឃាត់រថយន្តមួយគ្រឿងរបស់ឈ្មួញរកស៊ីឈើខុសច្បាប់ចាស់វស្សាមួយរូប មានឈ្មោះ ថា អេប ផល ។

សកម្មភាពបង្ក្រាបដ៏ភ្ញាក់ផ្អើលនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៦ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមការបង្ហើបពីសមត្ថកិច្ច បានអោយដឹងថា ឈ្មួញឈើខុសច្បាប់ អេប ផល ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ខណៈពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់តាមរយៈរថយន្តម៉ាក Tundra ពាក់ស្លាកលេខ ភ្នំពេញ 2S-7946 មកពីខេត្តព្រះវិហារដើម្បីយកទៅលក់បន្តនៅរាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ អេប ផល ភេទប្រុសអាយុ ៥១ឆ្នាំ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ បន្ទាប់ពីធ្វើការពិនិត្យវាស់វែង ក្នុងនោះដែរ វត្ថុតាងរួមមាន ឈើប្រភេទលេខ១ ត្រសេកចំនួន ១គីប ៨ផ្លាន ។

សមត្ថកិច្ច បានបន្តថា សមត្ថកិច្ចបានតាមប្រមាញ់ចាប់ពីចំណុច ស្រុកកំពង់ស្វាយ ប៉ុន្តែរថយន្តដែលជាមុខសញ្ញាខាងលើព្យាយាមបើករត់ មកដល់ភូមិសាស្រ្ត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ទើបកម្លាំងចម្រុះសហការ ឃាត់ស្ទាក់ចាប់បាន។

បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យយកមករក្សាទុក នៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីរង់ចាំចំណាត់ការបន្តតាមនីតិវិធី ៕