ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានចេញដីកាឃុំខ្លួន ឧកញ៉ា ស៊ឹង ស៊ឹង ប៊ុណ្ណាដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការ បាញ់ បោះសេរីចំនួន៤គ្រាប់

68

សៀមរាប៖ក្រោយបញ្ចប់ការសាកសួររួចមក ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានចេញដីកាឃុំខ្លួន ឧកញ៉ា ស៊ឹង ស៊ឹង ប៊ុណ្ណាដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការបាញ់បោះសេរីចំនួន៤គ្រាប់ បង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ព្រោះខឹងប្រពន្ធមកផ្ទះយប់ជ្រៅពេក ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍បង្ហើបអោយដឹងមុននេះបន្តិច ។

បទល្មើសបាញ់បោះសេរីរបស់ ឧកញ៉ា ស៊ឹង ប៊ុណ្ណានេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២​ នៅក្នុងផ្ទះវីឡារបស់លោកតែម្តង ស្ថិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្នុងពេលសមត្ថកិច្ចចុះឃាត់ខ្លួន ឧកញ៉ា ស៊ឹង ប៊ុណ្ណា ដល់ក្នុងផ្ទះវីឡា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ គឺ ឧកញ៉ា ស៊ឹង ប៊ុណ្ណា ក៏បានសារភាព ថា លោកពិតជាបានធ្វើសកម្មភាព បាញ់បោះសេរី ពិតប្រាកដ មែន ព្រោះខឹងប្រពន្ធមកផ្ទះយប់ជ្រៅពេក។

ឧកញ៉ា ស៊ឹង ប៊ុនណា បានបាញ់ឡើងលើចំនួន៤គ្រាប់ ដោយប្រើអាវុធម៉ាក K59 លេខ2249 ផលិតនៅប្រទេសរុស្ស៊ី ។ ក្រោយពីបាញ់រួចហើយ លោក ស៊ឹង ប៊ុណ្ណា បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ ផងដែរ ។

សូមបញ្ជាក់ថា ឧកញ៉ា ស៊ឹង ប៊ុណ្ណា ធ្លាប់ជាប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប រកស៊ីផ្នែកអចលនទ្រព្យ ហើយធ្លាប់ជាប់ពន្ធនាគារកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦ ទាក់ទិននឹងការចោទប្រកាន់ ថា លោកបានចេញសែកគ្មានទឹកប្រាក់៤០ម៉ឺនដុល្លារទៅពាណិជ្ជករ កែវ ហ៊ុន និង ភរិយារបស់លោក ហ៊ុន ឈ្មោះ សុក ទុង ។

ដូច្នេះ ឧកញ៉ា ស៊ឹង ប៊ុណ្ណា បានជាប់ពន្ធនាគារ ជាលើកទី២ ហើយ ក្នុងករណីបាញ់បោះសេរី ក្នុងផ្ទះវីឡារបស់លោក ៕