មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលនគរបាលបឹងកេងកង២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួន បន្ទាប់ពីផ្ទុះអាវុធចំនួន៣គ្រាប់ នៅចំណុចហាង kss Coffee។
ករណីផ្ទុះអាវុធដោយមន្ត្រីនគរបាលនេះ បានកើតឡើងកាលពីវេលាម៉ោង២១និង០០នាទី យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវ៩៩ ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខF11 ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងមានមុខរបរជានគរបាលប៉ុស្តិ៍បឹងកេងកង២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងដកហូតអាវុធខ្លីមួយដើម ម៉ាក ប្រាក់ហា បង់ចំនួន១ គ្រាប់ចំនួន៥គ្រាប់ និងសម្បកគ្រាប់ចំនួន២។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុក្នុងហាង kss coffee មានការជួបជុំផឹកស៊ីហើយមានមនុស្សច្រើននាក់បន្ទាប់ពីមួយសន្ទុះក្រោយមក គេឃើញបុរសម្នាក់ដើរចេញពីហាងកន្លែងអង្គុយផឹក ក៏បានដកកាំភ្លើងបាញ់ឡើងលើចំននួ៣គ្រាប់ ដោយមិនប៉ះពាល់ដល់មនុស្សណាទេ ហើយក៏បានផ្អើរដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការឃាត់ខ្លួនបុរសដែលផ្ទុះអាវុធដើម្បីធ្វើការសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា បច្ចុប្បន្នករណីផ្ទុះអាវុធហាក់កក្រើកឡើងជាបន្តបន្ទាប់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ដែលករណីខ្លះឈានដល់បាត់បង់អាយុជីវិតទៀតផង៕