ក្រុមលោកគ្រូអ្នកគ្រូនៅវិទ្យាល័យថ្មគ្រែ ព្រមចូលបង្រៀនសិស្សវិញ តែវិវាទរវាងគ្រូនឹងនាយកនៅមិនទាន់បញ្ចប់នៅឡើយទេ ធ្វើឱ្យមាតាបិតាអាណាព្យាបាលសិស្ស នៅតែមានក្ដីបារម្ភ

68

ខេត្តក្រចេះ ៖ មាតាបិតាអាណាព្យាបាលរបស់សិស្សដែលរៀននៅវិទ្យាល័យថ្មគ្រែ ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ នៅតែមានការព្រួយបារម្ភចំពោះការសិក្សារបស់កូនៗពួកគាត់ដដែលក្រោយពីក្រុមលោកគ្រួអ្នកគ្រូពិតមែនតែព្រមចូលបង្រៀនសិស្សវិញក្តី តែភាពរកាំរកូសជម្លោះផ្ទៃក្នុងរវាងគ្រូបង្រៀន នឹងលោកនាយកវិទ្យាល័យនោះដែលបានកើតឡើងតាំងពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២មកនោះនៅតែមិនចុះសម្រុងគ្នាដដែលរហូតមកដល់ថ្ងៃទី២៩ខែកក្កដានេះ។

បើតាមអាណាព្យាបាលសិស្សបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភខ្លាំងចំពោះកាសិក្សារបស់កូនៗ ព្រោះ នៅក្នុងសាលាមួយធ្វើការមិនមានសាមគ្គីគ្នា មានជម្លោះផ្ទៃក្នុងរវាងគ្រូនឹងនាយកដោយគ្រូៗចោទប្រកាន់នាយកថាដឹកនាំមិនរីកចម្រើន បក្ខពួកនិយម ធ្វើឱ្យការសិក្សារបស់សិស្សមានការធ្លាក់ចុះយ៉ាងខ្លាំង។ ប្រភពដដែលបានបន្តថា  វិទ្យាល័យថ្មគ្រែនេះមិនដឹងថាលោកនាយកសាលាគិតយ៉ាងដូចម្តេចទេ ព្រោះសូម្បីតែសៀវភៅតាមដានសិស្សក៏គ្មានដែរ តើឱ្យពួកគាត់ដឹងថាកូនៗរបស់គាត់ចូលរៀនឬមិនចូលរៀននោះ?  តើឱ្យពួកគាត់ជាឪពុកម្តាយអាណាព្យាបាលសិស្សដឹងតាមរយៈណាទៅ? បើសាលាមួយទាំងមូលគ្មានសៀវភៅតាមដានសិស្សផងនោះ។

ចំណែកលោកគ្រូអ្នកគ្រូវិញបានបញ្ជាក់ថា ការត្រឡាប់ចូលបង្រៀនសិស្សឡើងវិញនេះមិនមែនមានន័យថាការដោះស្រាយបញ្ហាបានបញ្ចប់នោះទេ ភាពរកាំរកូសនិងមិនត្រូវរ៉ូវគ្នារវាងគ្រូនឹងនាយកសាលាគឺនៅតែដដែល មិនបានបញ្ចប់នោះឡើយ។ ចំពោះការចូលបង្រៀនសិស្សឡើងវិញនេះគឺដោយសារ តែការអាណិតអាសូរសិស្សដែលបានខកខានការសិក្សា ហើយការចូលបង្រៀនឡើងវិញរបស់គ្រូគឺដើម្បីតែបំពេញកាតព្វកិច្ចការងាររបស់ខ្លួនតែប៉ុណ្ណោះ។

ដោយឡែកការសហការណាមួយរវាងគ្រូនឹងនាយកសាលាគឺនៅតែមិនអាចទទួលយកបានតាមការសម្របសម្រួលរបស់មន្ទីរអប់រំនោះឡើយ ។

គ្រូៗបញ្ជាក់ថា ពួកគាត់មិនយល់ស្របតាមការសម្របសម្រួលរបស់ប្រធានមន្ទីរនាថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២នោះឡើយ ពីព្រោះការចុះមកសម្របសម្រួលរបស់ប្រធានមន្ទីរហាក់ដូចជាកំពុងតែដាក់បន្ទុកនិងដាក់គំនាបមកលើលោកគ្រូអ្នកគ្រូទៅវិញ មិនមែនជាការសម្របសម្រួលឱ្យបានត្រូវគ្នានោះទេ។

តាមលិខិតដែលប្រធានមន្ទីររាយការណ៍ទៅក្រសួងអប់រំយុវជននិងកីឡាថា លោកគ្រូ-អ្នកគ្រូនៃវិទ្យាល័យថ្មគ្រែ បានយល់ព្រមតាមការសម្របសម្រួលរបស់ប្រធានមន្ទីរនោះគឺមិនមែនជាការណ៍ពិតឡើយ លោកគ្រូ-អ្នកគ្រូនៅតែមានការមិនសុខចិត្តក្នុងការទទួលយកលោកស៊ុន ម៉េងកាន ជានាយកវិទ្យាល័យនោះដដែល។ ពួកគាត់បន្តថា លោក ស៊ុន ម៉េងកាន គឺជានាយកវិទ្យាល័យ ប៉ុន្តែបែរជាអនុញ្ញាតឱ្យប្រពន្ធរបស់ខ្លួនដែលជាគ្រូបឋមសោះទៅលូកដៃដឹកនាំបញ្ជាគ្រូវិទ្យាល័យទៅវិញ បើដឹកនាំតែក្រុមគ្រួសារខ្លួនឯងមិនបានផង តើមានសមត្ថភាពឯណាទៅដឹកនាំអង្គភាពរបស់រដ្ឋមួយដែលមានការទទួលខុសត្រូវខ្ពស់ទទួលបានការីកចម្រើនកើតនោះ។

លោកគ្រូអ្នកគ្រូបានសំណូមពរចំពោះលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយដោះស្រាយរាល់បញ្ហាដែលកើតមានចំពោះលោកគ្រូ-អ្នកគ្រូ   ជាពិសេសបើមានវត្តមានលោក ស៊ុន ម៉េងកាន នៅគ្រប់គ្រងវិទ្យាល័យថ្មគ្រែបន្តទៀត នោះរាល់សកម្មភាពរបស់លោកគ្រូ-អ្នកគ្រូនៅតែបន្តមិនសហការជាមួយលោកនាយកនោះដដែល៕