អាជីវករផ្សារអូរឫស្សីនៅតែបន្តធ្វើការតវ៉ាជាថ្មីទៀតខណៈដែលគណៈកម្មការផ្សារនេះបានឡើងតម្លៃតូបខុសពីគោលការណ៍សម្តេចតេជោ

51

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ អាជីវករផ្សារអូរឫស្សីប្រមាណជាង១០០នាក់បាននាំគ្នាបន្តធ្វើការតវ៉ា ខណៈដែលអាជ្ញាធរមិនធ្វើការដោះស្រាយឱ្យពួកគាត់អោយសមស្រប ដូចអ្វីដែលគាត់សំណូមពរ ពិសេសគណៈកម្មការផ្សារអូរឫស្សីក៏ដូចជាប្រធានផ្សារអូរឫស្សីមិនទាន់មានដំណោះស្រាយឱ្យពួកគាត់ ថែមទាំងបន្តឡើងតម្លៃតូបជាថ្មីក្នុងតម្លៃមិនអាចទទួលយកបាន ។

សូមបញ្ជាក់ថា ការតវ៉ារបស់អាជីវករ និងសំណូមពររបស់ពួកគាត់គឺមានលក្ខណៈសមរម្យស្របទៅតាមច្បាប់ ពួកគាត់អនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែគេសង្ស័យថា ករណីនេះអាចនឹងមានភាពមិនប្រក្រតីណាមួយចំពោះតម្លៃតូបអាជីវករនីមួយៗ ?

ក្នុងការតវ៉ានោះក្រុមអាជីវករផ្សារអូរឫស្សីបានសំណូមពរចំនួន៥ចំណុចដូចខាងក្រោម:

១-កំណត់អាណត្តិបង់ថ្លៃតូប២០ឆ្នាំបន្តទៀតក្នុងម្តងៗ។

២-ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន។

៣-ស្នើសុំបង់ត្រឹម៥០% នៃទឹកប្រាក់ដែលត្រូវបង់(តម្លៃអាណត្តិចាស់)។

៤-ទុករយៈពេលបង់ប្រាក់យ៉ាងហោចណាស់៦ខែ ។

៥-សូមឱ្យមានការជួសជុលផ្សារនាឆ្នាំ ២០២៣ខាងមុខ(ជួសជុលតាមប្លុកតូប ) បន្ទាប់ពីបង់អាណត្តិរួច។

ពួកគាត់បានលើកឡើងថា ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺអាជីវករលក់ដូរតាមផ្សារដែលស្ថិតនៅលើទីតាំងរបស់រដ្ឋអាចផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅឬអ្នកដទៃបានដោយមិនកំណត់អាណត្តិ ។

ទីបំផុតនៅផ្សារអូរឫស្សីនេះបែរជាឱ្យអាជីវករជួលតូបក្នុងរយៈពេល២០ឆ្នាំ ហើយមិនផ្តល់ប័ណ្ណកម្មសិទ្ធិឱ្យឡើយ ដែលបងប្អូនអាជីវករមិនអាចទទួលយកបាន ។

ពាក់ព័ន្ធនឹងករណីនេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា៖ យើងមានវិធានការដោះស្រាយជូនពួកគាត់ ប៉ុន្តែក៏គ្មានហេតុផលអ្វីដែលពួកគាត់ទាមទារចុះដល់៥០ភាគរយដែរ យើងអាចថាយើងដំឡើង១០ភាគរយ យើងបានដំឡើង ។

លោកអភិបាលរាជធានីបានគូសបញ្ជាក់ថា៖ មើលជាក់ស្តែងទៅ គឺក្នុង១ថ្ងៃគាត់បង់ត្រឹមតែ២០៥០រៀលទេ។ ដូច្នេះអត់មានយន្តការទាមទារដល់ថ្នាក់ហ្នឹងទេ ! ខ្ញុំកំពុងព្យាយាមដោះស្រាយជូនគាត់ តែមិនមែនទាមទារ៥០ភាគរយទេ ខណៈការបង់តូបនេះគឺដើម្បីយកទៅជួសជុលតូបចំនួន២០ជាងឆ្នាំ ឬ២០ឆ្នាំឱ្យគាត់ ទោះបីគាត់បងភាសុីក៏ច្រើនដែរ ដូច្នេះគាត់គិតមើលទៅ។ យើងនឹងខំប្រឹងប្រែងពន្យល់ពួកគាត់ ដើម្បីឱ្យមានដំណោះស្រាយមួយសមហេតុសមផល បានល្អទាំងអស់គ្នា ។

ទោះជាមានការលើកឡើងដោយអភិបាលរាជធានីភ្នំពេញយ៉ាងនេះក៏ដោយ ក៏បងប្អូនអាជីវករសំណូមពរឱ្យអាជ្ញាធរនិងម្ចាស់វិនិយោគផ្សារមេត្តាជួយសម្របសម្រួលដោយរូបភាពណាមួយឱ្យបានសមរម្យ ខណៈដែលពួកគាត់ជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ រយៈពេលជាងពីរឆ្នាំកន្លងទៅនេះ។

សូមបញ្ជាក់ថា សំណូមពរ៥ចំណុចដែលពួកគាត់ស្នើសុំនោះ រដ្ឋបាលផ្សារអូរឫស្សីបានដោះស្រាយរួច៤ចំណុចហើយ នៅឡើយតែចំណុចតម្លៃ៥០% មួយចំណុចនេះទេដែលមិនទាន់បានឯកភាព ។

ចំពោះដំណោះស្រាយបឋមនៅពេលនេះ បន្តិចទៀតនឹងឡើងទៅដល់សាលារាជធានីភ្នំពេញ តែលទ្ធផលយ៉ាងណាគេមិនទាន់ដឹងនៅឡើយ នេះបើតាមការលើកឡើងដោយគណៈកម្មការផ្សារអូរឫស្សី ៕