អំពើ បា ញ់ ប្រហារ កាលពីយប់មិញ បានកើតមួយករណី ដោយខ្មាំ ង កាំ ភ្លើង បា ញ់ជាច្រើនគ្រាប់ ទៅលើរថយន្តម៉ាក Range Rover បណ្តាលឲ្យអ្នកបើកបររងរបួស!

164

ភ្នំពេញ ៖ អំពើបាញ់ប្រហារ បានកើតមួយ កាលពីយប់មិញ ដោយខ្មាំងកាំភ្លើងបាញ់ជាច្រើនគ្រាប់ ទៅលើរថយន្តម៉ាក Range Rover  បណ្តាលឲ្យអ្នកបើកបររងរបួស  បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ដោយមិនដឹងធ្វើដំណើរមកពីណានោះទេ ពេលមកដល់ចំណុចកើតហេតុខាងលើបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ជាច្រើនគ្រាប់ទៅលើរថយន្តមួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា-JS-3333 រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។

យោងតាមប្រភពពីអ្នកគ្រូពេទ្យបានឱ្យដឹងបន្ថែមទៀតថា រថយន្តរបស់ជនរងគ្រោះត្រូវជាច្រើនគ្រាប់ហើយរងរបួស បានរត់ចូលទៅក្នុងមន្ទីរសម្ភព សុខភាពស្ត្រី ដោយមានឈាមប្រឡាក់ពេញខ្លួន អ្នកគ្រូពេទ្យបានបញ្ជាក់ប្រាប់ជនរងគ្រោះថា«នៅមន្ទីរសម្ភពរបស់គាត់មិនមានការព្យាបាលរបួសនោះទេគឺជាសម្ភពសុខភាពស្ត្រីតែប៉ុណ្ណោះ»។

ជនរងគ្រោះឮដូច្នោះក៏បានចាកចេញពីមន្ទីរសម្ភពសុខភាពស្ត្រីទៅរកមន្ទីរពេទ្យផ្សេងទៀតបាត់ទៅ ដោយបន្សល់ទុកតែរថយន្តនៅមុខសម្ភពសុខភាពស្ត្រីដោយមានស្នាមបាញ់ធ្លុះធ្លាយ៧គ្រាប់និងមានឈាមប្រឡាក់ជាប់រថយន្ត និងកង់រថយន្តបែកខ្ទេចចេញយ៉ាន់ ទំនងជាខ្មាន់កាំភ្លើងបាញ់បំបែកកង់ដើម្បីបញ្ឈប់ជនរងគ្រោះ តែនៅជិះបន្តរហូតមកដល់សម្ភពសុខភាពស្ត្រីខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូពេទ្យបាន រាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ នៅជុំវិញរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូចយករថយន្តទៅរក្សាទុក រង់ចាំធ្វើការស្រាវជ្រាវបន្តរកប្រភពនៃការបាញ់បោះនេះថាតើជាករណីអ្វីឱ្យពិតប្រាកដ។