រដ្ឋបាលខណ្ឌច្បារអំពៅ ណែនាំរាល់រថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និងរថយន្តដឹកដី-ក្រួស-ថ្ម-ខ្សាច់គ្រប់ប្រភេទ ឱ្យ បញ្ចៀសការធ្វើដំណើរលើកំណាត់ផ្លូវលេខ១១០ជាបណ្តោះអាសន្ន!!!

52

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ បានណែនាំឱ្យរថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និងរថយន្តដឹកដី-ក្រួស-ថ្ម-ខ្សាច់គ្រប់ប្រភេទ ធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវលេខ១១០ ត្រង់ចំណុចស្ពានព្រែកអ្នកតាវាំង ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី។

រដ្ឋបាលខណ្ឌច្បារអំពៅមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនបងប្អូនប្រជាពលរដ្ឋនិងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទឱ្យបានជ្រាបថា÷ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពលើកំណាត់ផ្លូវលេខ១១០ ត្រង់ចំណុចស្ពានព្រែកអ្នកតាវាំង មានការបាក់ស្រុតដីនៅគល់ស្ពានផ្នែកខាងជើងឆៀងខាងកើត។ ក្នុងស្ថានភាពបែបបនេះ ការធ្វើចរាចរអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុចំពោះរថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និងរថយន្តដឹកដី ក្រួស ថ្ម ខ្សាច់គ្រប់ប្រភេទ ដែលឆ្លងកាត់ទីតាំងនេះ។

បច្ចុប្បន្ន រដ្ឋបាលខណ្ឌ បានសហការជាមួយក្រុមការងារបច្ចេកទេសជំនាញ កំពុងជួសជុលកែលម្អទីតាំងដែលមានការបាក់ស្រុតខាងលើ។

រដ្ឋបាលខណ្ឌច្បារអំពៅ បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបររថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និងរថយន្តដឹកដី ក្រួស ថ្ម ខ្សាច់គ្រប់ប្រភេទ បញ្ចៀសការធ្វើចរាចរជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ១១០ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕