ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា បើខាងអាណា ចក្ររីកចម្រើន ពុទ្ធចក្រ ក៏រីកចម្រើនដែរ ដូច្នេះ យើងត្រូវដឹងគុណដល់ស្ថាបនិកសន្តិភាព ហើយរួមគ្នាការពារថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ខណៈសុខសន្តិភាពធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរ សប្បាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុងឱកាសចូលរួមជាមួយលោក ជំទាវ ព្រមទាំងបុត្រ មន្ត្រីរាជ ការ,កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីនិងប្រជាពល រដ្ឋក្នុងរាជធានីភ្នំពេញ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗទៅប្រគេនដល់ព្រះសង្ឃចំនួន ១៥១វត្តទូទាំងរាជធានីភ្នំពេញ សម្រាប់ពិធីបុណ្យចូលព្រះវស្សាដោយបានប្រារព្វឡើងនៅក្នុងបរិវេណវត្តចន្ទ័បុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង នាឱកាសនោះ បានមាន ប្រសាសន៍ថា៖ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពតពួកគេបានយកសាសនាដែលជាជំនឿរបស់ប្រជាពលរដ្ឋធ្វើជាសត្រូវ ហើយថែមទាំងកាប់សម្លាប់ប្រជាជន ស្លូត ត្រង់ រួមទាំងសម្លាប់ទាំងផ្លូវអារម្មណ៍ ជំនឿរបស់ប្រជា ពលរដ្ឋ ឱ្យស្លាប់ទៅជាមួយដែរ។
ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឱ្យជីវិតយើងបានរស់ឡើងវិញ គ្រប់ជំនឿសាសនារស់ឡើង វិញហើយថែមទាំងរីកលូត លាស់ប្រកបដោយភាពសុខដុមរមនាក្នុងសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិគ្រប់ បែបយ៉ាងក្នុងការជឿជំនឿដែលខ្លួនពេញចិត្ត។
ឯកឧត្តមបញ្ជាក់ថា បើគ្មានសុខសន្តិភាព គ្មានការរីក ចម្រើនផ្នែកអាណាចក្រក៏មិនអាចធ្វើឱ្យផ្នែកពុទ្ធចក្ររីក ចម្រើនបានដែរ។ដូច្នេះយើងត្រូវនឹកទៅដល់ស្ថាបនិកសន្តិ ភាព នោះគឺសម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន ។
គុណបំណាច់ដ៏ធំធេងរបស់សម្តេចបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេង ក៏បានអំពាវ នាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នានិងគ្រប់ដូស ខណៈដែលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ ហាក់កម្រើកឡើងវិញ ។