ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា ស្តីពី “ភាពជាអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០” ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២-២០២៣

28

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលា ស្តីពី “ភាពជាអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០” ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២-២០២៣ ក្រោមអធិបតីភាពឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរមណីយដ្ឋានសុខាសៀមរាប ខេត្តសៀមរាប ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានី_ខេត្ត មន្ត្រីរាជការក្រសួងព័ត៌មាន និងមានការចូលរួមពីលោក លោកស្រី អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ប្រមាណ៥០រូបនិងមានមួយចំនួនទៀត ចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ ។

ក្នុងឱកាសនោះ ឯកឧត្តម ផុស សុវណ្ណ បានមានប្រសាសន៍ថា ដោយយល់ឃើញពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំរបស់អ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងឈ្វេងយល់បន្ថែមទៀតអំពីការវិវត្តន៍ និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងយុគសម័យ (I.R 4.0) ឈ្វេងយល់អំពីស្ថានភាពនៃភាពជាអ្នកដឹកនាំរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងសិក្សាអំពី បទពិសោធន៍របស់អង្គភាព សារព័ត៌មានក្នុងស្រុកក្នុងការផ្លាស់ប្តូរឥរិយាបថ និង ភាពជាអ្នកដឹកនាំដើម្បីអាចសម្របខ្លួនបានទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ។

ឯកឧត្តមសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមដែលចូលរួមទាំងផ្ទាល់ និងទាំងប្រព័ន្ធ Video Conference នឹងយកចិត្តទុកដាក់ស្តាប់ការពន្យល់បកស្រាយរបស់វាគ្មិន និងចូលរួមជាមតិយោបល់ឱ្យបានផុសផុល ដើម្បីទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀតក្នុងការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើង ។

សូមបញ្ជាក់ថា សិក្ខាសាលានាឱកាសនេះ បានអញ្ជើញវាគ្មិនចំនួន០៤ រូបដែលសុទ្ធសឹងតែមានបទពិសោធន៍ក្នុងការធ្វើឌីជីថលនីយកម្មប្រព័ន្ធផ្សព្វផ្សាយសម្រាប់អង្គភាពរបស់គេ ៕