ចេញផ្សាយថ្ងៃអង្គារ ១៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព-ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២
ព្រះសីហនុ÷ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រឈមនឹងការបិទចរាចរណ៍ជាបណ្ដោះអាសន្នដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីភ្នំគិរីរម្យ ធ្វើឲ្យទឹកជិតឡើងលិចលើផ្លូវជាតិ។
លោកអភិបាលខេត្ត មានប្រសាសន៍ថា បើគិតត្រឹមវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពស់ទឹកនៅចំណុចស្ពានសំរោង បានហក់ឡើងដល់កម្ពស់ ៥.៤ម៉ែត្រ ខណៈកម្ពស់ ៦.២ម៉ែត្រ នឹងលិចលើផ្លូវជាតិតែម្ដង។
លោកអភិបាលខេត្តបានបន្ដទៀតថា ក្នុងករណីទឹកនៅបន្ដជន់ឡើងហើយលិចលើផ្លូវជាតិនោះ អាជ្ញាធរនឹងត្រូវបង្ខំចិត្ត បិទចរាចរណ៍ត្រង់ចំណុចនេះជាបណ្ដោះអាសន្នតែម្ដង ។ បន្ថែមពីនេះ លោក គួច ចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ខាងលើ ទាំងអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នបន្ថែមទៀត ជាមួយនឹងស្ថានភាពលិចលង់នៅពេលនេះ។
សូមជម្រាបថា កាលពីព្រឹកមិញនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងតាមភូមិសាស្រ្តផ្សេងៗដែលងាយរងការជនលិចផងដែរ៕ (រ៉ូអេ)
សូមបងប្អូនប្រិយមិត្តទាំងអស់ ជ្រាបជាព័ត៌មានសូមអរគុណ…..