ពលរដ្ឋរស់នៅក្នុងឃុំរលួសមានជ័យស្រុកសំបូរ ខេត្តក្រចេះ អស់ជំនឿទៅលោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើ រលួស ក្នុងការបង្រ្កាបនិងទប់ស្កាត់ចំពោះរោងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ជាច្រើនកន្លែងក្នុងដែនគ្រប់គ្រងរបស់ខ្លួន….

75

(ខេត្តក្រចេះ)៖ រោងសិប្បកម្មកែច្នៃឈើនៅភូមិរលួស ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ កំពុងតែដំណើរការយ៉ាងសកម្មក្នុងការកែច្នៃឈើអត់ច្បាប់ ដោយមិនមានការត្រួតពិនិត្យ និងទប់ស្កាត់ ពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តនោះឡើយ។ នេះបើយោងតាមពលរដ្ឋរស់នៅក្នុងតំបន់នោះបង្ហើបប្រាប់ឲ្យភ្នាក់ងារកោះខ្មែរបានដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ។

ប្រភពដែលជឿទុកចិត្តបានខាងលើនេះបានឲ្យដឹងថា ឈើដែលគេដឹកចូលរោងសិប្បកម្មទាំងនោះ គឺភាគច្រើនក្រុមឈ្មួញដឹកចេញពីតំបន់ដែនជម្រកភ្នំព្រិច នៃខេត្តមណ្ឌលគិរី ដើម្បីយកមកដាក់នៅក្នុងរោងសិប្បកម្មនីមួយៗ សម្រាប់ប្រើប្រាស់កែច្នៃជា ទ្វារ បង្អួច គ្រែរ តុ ទូ រួចដឹកចេញយកទៅលក់នៅតាមបណ្តាខេត្តផ្សេងៗតាមរថយន្តសាំយ៉ុងរាល់ថ្ងៃ។ ប្រភពបន្តថា រោងសិប្បកម្មនៅតំបន់នោះមានចំនួន៦កន្លែងធំៗ ក្នុងនោះមានរោងសិប្បកម្ម១កន្លែងមានលិខិតអនុញ្ញាតពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៍ប៉ុន្តែការទិញឈើអត់ច្បាប់នាំចូលរោងសិប្បកម្មរាល់ថ្ងៃ មិនមានកាត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមច្បាប់នោះឡើយ។

ប្រជាពលរដ្ឋនៅភូមិរលួសក៏បានបញ្ជាក់ឱ្យដឹងថា សកម្មភាពនៃការដឹកជញ្ជូនឈើមានគ្រប់រូបភាព ដោយមួយចំនួនដឹកចេញពីតំបន់ព្រៃអភិរក្សចូលមកកាត់ឃុំរលួស ទៅទម្លាក់តាមរោងសិប្បកម្ម និងមួយចំនួនទៀតមានជាប្រភេទឈើអារគ្រឿងផ្ទះ។ ឈើគ្រឿងផ្ទះទាំងនេះគេបានដឹកចេញទៅខាងស្រែស្បូវ ដោយឆ្លងកាត់ព្រៃមុខស្នាក់ការរដ្ឋបាលព្រៃឈើរលួសរាល់ថ្ងៃតែម្តង ដើម្បីសាងដាក់រថយន្តសាំយ៉ុងបន្តទៅលក់នៅតាមបណ្ដាលខេត្តផ្សេងៗ។

ពាក់ព័ន្ធនិងព័ត៌មានដែលពលរដ្ឋទម្លាយឲ្យសារព័ត៌មានយើងដឹងថា ជុំវិញការបើករោងសិប្បកម្មច្រើនកន្លែងគ្មានច្បាប់អនុញ្ញាតខាងលើនេះ ភ្នាក់ងារយើងនៅមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពី លោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសបាននៅឡើយទេ៕