ភ្នំពេញ៖ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ មីន ម៉េត ភេទប្រុស ចូលខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធករណីចេញឆែកស្អុយសរុបជិត៣០ម៉ឺនដុល្លារ។ នេះបើតាមដីកាដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
ព្រះរាជអាជ្ញា ច្រឹង ខ្មៅ បានបញ្ជាក់នៅក្នុងដីកាដែលចេញលើកទី២ របស់ខ្លួនយ៉ាងដូច្នេះថា «បញ្ជាឈ្មោះ មីន ម៉េត ភេទប្រុស កើតឆ្នាំ១៩៨៣ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៨៤, ៨៦, ៨៨, ៩០, ៩២, ៩៤, ៩៦, ៩៨, ១០០, ១០២ ផ្លូវលេខ៣១ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្ដឹងរបស់ឈ្មោះ ទុយ សុជាត្តា»។
សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅ លោក ច្រឹង ខ្មៅ ក៏ធ្លាប់បានចេញដីកាដូចគ្នានេះ ទៅលើឈ្មោះ មីន ម៉េត ម្ដងរួចមកហើយ ប៉ុន្ដែឈ្មោះនេះមិនអនុវត្តតាមដីការបស់តុលាការនោះទេ។
នៅក្នុងកិច្ចសន្យាខ្ចីប្រាក់បានឲ្យដឹងថា បុគ្គលឈ្មោះ មីន ម៉េត បានខ្ចីប្រាក់ពីជនរងគ្រោះចំនួន៣លើក ដោយលើកទី១៖ ធ្វើនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ទឹកប្រាប់ចំនួន១០៣,៥០០ដុល្លារ, លើកទី២៖ ធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ទឹកប្រាក់ចំនួន៥៩,៣២៥ដុល្លារ និងលើកទី៣៖ ធ្វើនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ទឹកប្រាក់ចំនួន១២៩,៨២៤ដុល្លារ។
ក្រោយមកឈ្មោះ មីន ម៉េត បានសងត្រឡប់មកវិញដោយចេញសែកចំនួន៣សន្លឹក លើកទី១ចេញនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន១០៣,៥០០ដុល្លារ, លើកទី២ ចេញនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ចំនួន៥៩,៣២៥ដុល្លារ និងលើកទី៣ ចេញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ចំនួន១២៩,៨២៤ដុល្លារ ប៉ុន្ដែនៅពេលជនរងគ្រោះទៅបើកប្រាក់ សែកនោះគ្មានលុយនោះទេ មានន័យថា សែកស្អុយ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងតែម្ដង៕