តុលាការប្រកាសសាលក្រមបដិសេធមិនអនុញ្ញាតឱ្យឧកញ៉ា ឌួង ងៀប នៅក្រៅឃុំ

25

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានប្រកាស សាលក្រមបដិសេធ មិនឱ្យឧកញ្ញា ឈ្មោះ ឌួង ងៀប នៅក្រៅឃុំនោះទេ ដោយបន្តឃុំ នៅដដែលរង់ចាំជំនុំជម្រះលើអង្គសេចក្តីសាលក្រមនេះប្រកាសកំបាំងមុខ ជនជាប់ចោទ តែចាត់ទុក ចំពោះមុខ ដោយមានមេធាវី។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ឧកញ្ញាឈ្មោះ ឌួង ងៀប ពីបទឆបោក ដែលមានទឹកប្រាក់ ជិត ១០លានដុល្លារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយពេលសាកសួររួច ជនជាប់ចោទឈ្មោះ ឌួង ងៀប ត្រូវបាន តុលាការ បញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារ រាជធានីភ្នំពេញ (PJ) រង់ចាំកាត់ទោស។ លោកឧកញ៉ា ឌួង ងៀប ត្រូវបានចាប់ខ្លួន នៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ លើសំណុំរឿងព្រហ្មទណ្ឌលេខ១០៤៣ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ តាមបណ្តឹងរបស់ឈ្មោះ Huang Hsiao Hsien បានប្តឹងឈ្មោះ ឌួង ងៀប និងឌួង ម៉េងហុង ពីបទឆបោក ក្លែងឯកសារ សាធារណៈ សមគំនិតក្នុងអំពើឆបោក និងអំពើក្លែងបន្លំឯកសារ សាធារណៈប្រព្រឹត្តនៅភ្នំពេញ កំឡុងឆ្នាំ២០១៨កន្លងទៅ។