ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានបុរស២នាក់ដែលជាបងប្អូនបង្កើតនឹងគ្នាបានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្ត២គ្រឿងបុកគ្នាហើយរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមកដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគឺឡូម៉ែត្រលេខ ១៥២-១៥៣ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ភោគ វ៉ាន់ ទឹង អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅខេត្តបាត់ដំបង មកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ ភោគ វ៉ាន់ឆៃ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ជិះម៉ូតូម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល១M-២៥៣៤ខូចខាតទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនកើតហេតុមានបុរសម្នាក់មិនស្គាល់ឈ្មោះបានបើករថយន្តប្រភេទទេសចរណ៍ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ សៀមរាប ៣A-១៧៦១ដោយធ្វើដំណើរពីកើតទៅលិច ហើយក៏បានបុកប៉ះរថយន្តមួយ គ្រឿងទៀតម៉ាកឡិចស៊ីស RX៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BH-៦៤៦១ បើកបរដោយឈ្មោះ គង់ រ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងដែលបើកក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង រួចរថយន្តប្រភេទទេសចរណ៍ខាងលើក៏បានរេចង្កូតជ្រុលទៅបុកប៉ះម៉ូតូ ម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១M-២៥៣៤ ជិះគ្នា២នាក់ក្នុងទិសដៅពីលិចទៅកើតបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចឱ្យទៅដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។
ចំពោះមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើករថយន្តប្រភេទទេសចរណ៍បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕