លោក នេត្រ ភក្ត្រា ការមិនបរិភោគ មិនទិញ មិនលក់សាច់ និងផលិតផលសត្វព្រៃគឺជាការចូលរួមបញ្ចប់វិបត្តិអន្ទាក់ បើគ្មានតម្រូវការ ក៏គ្មានការផ្គត់ផ្គង់

29

ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃ សត្វព្រៃដ៏មានតម្លៃរបស់យើងត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងកាំភ្លើងកែច្នៃសម្លាប់ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។

នេះជាការថ្លែង របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២២ ។

លោកករដ្ឋលេខាធិការ លើកឡើងថា, សត្វព្រៃមួយ ក្បាលៗដែលបានសម្លាប់ បើគិតជាសាច់ មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិ មិនឆ្ងាញ់ឡើយ ហើយក៏មិនមែនពិសាទៅធ្វើឱ្យយើងមាន សុខភាពល្អ ជីវិតអមតៈដូចពាក្យចចាមអារាមនោះឡើយ ប៉ុន្តែបើយើងគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ។

លោកបន្តថា, សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយបប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដីរបស់យើង។

ប្រសិនបើសត្វមួយក្បាលដែលអ្នកសម្លាប់ នៅរស់ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីយើងកាន់តែល្អប្រសើរ កម្ពុជាសម្បូណ៌ជីវៈចម្រុះ និងអាចទាញចំណូលបានច្រើនជាងតម្លៃសាច់សត្វដែលអ្នកបានលក់វានៅលើទីផ្សារ។

លោកបញ្ជាក់ទៀតថា, សត្វព្រៃជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់ គ្នា។

ដូច្នេះ សូមនិយាយថាទេចំពោះសាច់សត្វព្រៃ និងរាយការណ៍បន្ទាន់មកក្រុមការងារតាមរយៈលេខទូរស័ព្ទ ០១២ ៥០០ ០៩៤ ៕