បុរស២នាក់លង់ទឹកស្លាប់ សង្ស័យករណីឆក់ខ្សែភ្លើងបង្កាន់ដៃស្ពាននៅកន្លែងកម្សាន្តអូរខៃដន

52

ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់លង់ទឹកស្លាប់ សង្ស័យករណីឆក់ខ្សែភ្លើងបង្កាន់ដៃស្ពាន នៅកន្លែងកម្សាន្តអូរខៃដន ក្រុងប៉ោយប៉ែត ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៧ខែ មិថុនា ឆ្នាំ ២០២២ នៅកន្លែងកំសាន្តអាងអម្រិតអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះទី១.ឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៤ ឆ្នាំ  មុខរបរ ធ្វើការកាស៊ីណូ រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទី២.ឈ្មោះ សែម លឹមហៀង ហៅ ពេជ្រ អាយុប្រហែល២០ឆ្នាំ ម្ចាស់ក្យូសអ្នកជួយត្រូវលង់ទឹកស្លាប់ដូចគ្នា។

បើតាមប្រភពមិត្តភក្តិដែលមកញ៉ាំជុំគ្នាបានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា៧ទៅ៨នាក់ មានប្រុស មានស្រី ជាមិត្តភក្តិធ្វើការកាស៊ីណូជុំគ្នា មកដល់ក្យូសយីហោ “យក្សធំម្ហូបឆ្ញាញ់”  បាននាំគ្នាញ៉ាំកម្សាន្ត បន្ទាប់មកទៀត ជនរងគ្រោះបានសុំទៅក្រៅបាត់ប្រហែលកន្លះម៉ោង ពេលមកវិញ ទើបបបួលគ្នីគ្នា ចុះលេងទឹក តែក្រុមមិត្តភក្តិថា មិនទាន់ចង់លេងទេ ជនរងគ្រោះក៏តោងបង្កាន់ដៃស្ពានដែលធ្វើអំពីដែក ចុះទៅក្នុងទឹកក៏ត្រូវខ្សែភ្លើងឆក់លង់ធ្លាក់ទៅក្នុងទឹកតែម្តង។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកនាំគ្នាស្រែកឆោឡោហៅឲ្យគេជួយ ស្រាប់តែមានបុរសម្នាក់ទៀត ជនរងគ្រោះទី២ ចុះទៅជួយតែពេលលោតចូលទឹកស្រាប់តែប្រកាច់ដូចឆក់ខ្សែភ្លើងលង់លិចបាត់ទៅ។

ក្រោយពីកើតហេតុ គេសង្កេតឃើញថា អាជ្ញាធរ រួមទាំងកម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងយោធា ជាច្រើននាក់ កំពុងស្វះស្វែងមុជទឹករាវរក តែសពជនរងគ្រោះទាំងពីរ រហូតមកទល់ម៉ោង៣៖៤០នាទី ទើបកម្លាំងសមត្ថកិច្ចរកឃើញម្នាក់ នៅឡើយម្នាក់ទៀតកំពុងស្វែងរក ៕