ខេត្តកំពង់ឆ្នាំង ៖ ពេញមួយថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងនគរបាលស្រុកបរិបូណ៌ សហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការរដ្ឋបាលស្រុកបរិបូណ៌ បានចុះបង្ក្រាបបទល្មើសនេសាទច្រើនកន្លែង នៅចំណុច កោះកំពង់អួរ ភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ប្រតិបត្តិការចម្រុះនេះ ដឹកនាំដោយ លោក ផល សុភាព អភិបាលរង ស្រុកបរិបូណ៌ និង លោក អ៊ូ សោភ័ណ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយមាន កម្លាំងសរុប ចំនួន១៤នាក់ ប្រើប្រាស់មធ្យោបាយកាណូត បាឡាស្មាច់ ចំនួន០២គ្រឿង ។
មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងចម្រុះ ដកហូតបាន របាំងសាច់អួនក្រឡាញឹក ចំនួន០២កន្លែង ប្រវែង១៥០ម៉ែត្រ, លូសាច់អួនក្រឡាញឹក ចំនួន០៣, ដកបំផ្លាញបង្គោលចំនួន២០០ដើម , លែងត្រីចម្រុះ ចំនួន០៥គីឡូក្រាម រួមនឹងសសម្ភារៈនេសាទខុសច្បាប់មួយចំនួនដកហូតយកទៅបំផ្លាញចោលនៅនឹងកន្លែង។
មន្ត្រីជលផលដដែលបានឲ្យដឹងទៀតថា ដោយទទួលការណែនាំពីថ្នាក់ដឹកនាំឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវហាមឃាត់ជាប្រចាំនោះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌នឹងបន្តបង្ក្រាបបទល្មើសនេសាទនៅទូទាំងស្រុកឲ្យដូចភ្លៀងរលឹមបើទោះបីជនខិលខូចមួយចំនួនលួចធ្វើសកម្មភាពដោយស្ងាត់ៗក៏ដោយគឺកម្លាំងឯកភាពរបស់ស្រុកនឹងបន្តបង្ក្រាបជានិច្ច៕