ភ្នំពេញ ៖ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា ក្រសួង ព័ត៌មាន និងមន្រ្តីរាជការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ធម្មាចារ្យ សីលវតី ហង្ស ឡុង ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម ផុស សុវណ្ណ ប្រតិភរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ ២២៦ ភូមិរោងចក្រសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកយាយ ធម្មាចារ្យា សីលវតី ហង្ស ឡុង ត្រូវជាមាតាបង្កើត ឯកឧត្តម ផុស សុវណ្ណ បាន ទទួលមរណៈភាពនៅថ្ងៃព្រហស្សតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ៧:៤០ នាទី ព្រឹក ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយជរាពាធ។
នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ឋ បានធ្វើលិខិតចូលរួមរំលែកទុក្ខជូនឯកឧត្តម ផុស សុវណ្ណ ព្រមទាំងក្រុមគ្រួសារដោយបានគួសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងមូល និងក្នុងនាមខ្ញុំផ្ទាល់ និងភរិយាខ្ញុំ មានសេចក្តីក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ធម្មាចារ្យ សីលវតី ហង្ស ឡុង ត្រូវជាមាតា បង្កើតរបស់ឯកឧត្តម បានទទួលមរណភាព ក្នុងជន្មាយុ៧៨ឆ្នាំ ដោយជរាពាធ ។
មរណភាពរបស់ ធម្មាចារ្យ សីលវតី ហង្ស ឡុង គឺជាការបាត់បង់នូវបុព្វការីជនមួយរូប ដែល ត្រូវជាមាតា មាតាក្មេក និងជាជីដូន ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ច កាលតែងបានលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗជាទីស្រឡាញ់ ព្រមទាំង បានជំរុញឲ្យកូនចៅបានសិក្សារៀនសូត្រ បានខ្ពង់ខ្ពស់គ្រប់ៗគ្នា និងបានចូលរួមចំណែកបម្រើឧត្តមប្រយោជន៍ សង្គមជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយភក្តីភាព និងសុចរិតភាព ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមចូលរូមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ ឯកឧត្តម ផុស សុវណ្ណ ព្រមទាំង ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធរបស់ ធម្មាចារ្យ សីលវតី ហង្ស ឡុង ជាទីគោរព បានទៅសោយ សុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។