ដកហូតទំនិញចម្រុះ ភេសជ្ជៈ ប្រហិត នំ ខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងបន្លំប្រភពសរុបចំនួន ២៦១.០៦គីឡូក្រាម

51

ភ្នំពេញ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍្ត​ទី​១៦ ខែមិថុនា​​ ឆ្នាំ​២០២២​នេះថា​៖​ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. ប្រចាំក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ព្រះវិហារ រតនគិរី ស្វាយរៀង បន្ទាយមានជ័យ និងខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ  (Mobile Lab) ដើម្បីបន្តភារកិច្ចត្រួតពិនិត្យតាមបណ្តាផ្សារក្នុងស្រុកសំខាន់ៗ ស្តង់លក់ត្រីក្នុងក្រុងប៉ោយប៉ែត ម៉ាត ផ្សារទំនើប ឃ្លាំងស្តុកទំនិញនានា ដោយយកចិត្តទុកដាក់លើទំនិញហូបចុក ទំនិញវេចខ្ចប់ស្រេច គ្រឿងភេសជ្ជៈជាដើម។

ជាក់ស្ដែង​ក្នុងបេសកកម្មនេះ​ មន្ត្រីជំនាញ​បានត្រួតពិនិត្យដោយដកយកគំរូត្រីចំនួន ៤ប្រភេទ និងគំរូទំនិញហូបចុកចំនួន ៩គំរូផ្សេងទៀត យកមកវិភាគស្វែងរកសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ ជាលទ្ធផល ក្នុងចំណោមសំណាកគំរូដែលបានវិភាគខាងលើ មន្ត្រីជំនាញមន្ទីរពិសោធន៍បានរកឃើញ សំណាកគំរូ ត្រីរ៉ស់វះរួច មានវត្តមានសំណល់ថ្នាំបសុពេទ្យ “Sulfonamides” និងបានអនុវត្តនីតិវិធីបន្ត ទន្ទឹមនឹងនោះបានរកឃើញ និងដកហូតទំនិញចម្រុះ មានភេសជ្ជៈ ប្រហិត នំ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងបន្លំប្រភពសរុបចំនួន ២៦១.០៦គីឡូក្រាម យកមករក្សាទុកដើម្បីរៀបចំចំណាត់ការតាមពេលវេលាសមស្រប៕