ភ្នំពេញ ៖ សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុង «កិច្ចប្រជុំកំពូលអ្នកដឹកនាំ ស្ដីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២, (តាមរយៈប្រព័ន្ធវីឌីអូ រយៈពេល៖ ៥ នាទី)
ឯកឧត្តម, លោកជំទាវ ប្រមុខ និង ថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកដៃគូសាកល ដើម្បីបញ្ចប់អំពើ
ហិង្សាលើកុមារ,
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី
ជាបឋម, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការរៀបចំ «កិច្ចប្រជុំកំពូលអ្នកដឹកនាំស្តីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ»។ ក្នុងនាមជាប្រទេសសមាជិកដៃគូសាកល ដើម្បីបញ្ចប់អំពើហិង្សាលើ កុមារ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់រាល់សកម្មភាពហិង្សាលើកុមារ និង លើកកម្ពស់កិច្ចការពារកុមារ ។ ជាក់ស្ដែង, កម្ពុជាបានរៀបចំ និង ដាក់ឱ្យអនុវត្តនូវគោលនយោបាយ និង ផែនការជាបន្តបន្ទាប់ ដូចជា ផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើ កុមារ ឆ្នាំ ២០១៧-២០២១, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥ និង គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ ២០១៩-២០២៩ ជាដើម ដើម្បីឈានទៅសម្រេច ឱ្យបាននូវការបញ្ចប់អំពើហិង្សាលើកុមារ ។ បន្ថែមលើនេះ នៅឆ្នាំ ២០១៩, កម្ពុជាបានក្លាយជាប្រទេស សមាជិកនៃ ភាពជាដៃគូសាកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដោយផ្តល់អាទិភាពលើការពង្រឹងការ អនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ តាមរយៈការលើកកម្ពស់ការថែទាំតាមគ្រួសារ ជំនួសឱ្យ ការថែទាំនៅកន្លែងថែទាំកុមារជាដើម ។
នៅឆ្នាំ ២០២១ ផ្អែកតាមការវាយតម្លៃលើ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះ អំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១, ប្រទេសកម្ពុជាបាននិងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុង ការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ ជាទិសដៅទៅមុខ, កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែ សកម្មក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ដូចជា នៅផ្ទះ, សាលារៀន និង ក្នុងសហគមន៍ ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារទាំងអស់នឹងរស់នៅ ក្នុងបរិយាកាសមួយប្រកបដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹម បីបាច់ និង កិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និង សម្រេចឱ្យបាននូវ ការប្តេជ្ញារបស់កម្ពុជា ក្នុងក្របខណ្ឌតំបន់ និង សកល តាមរយៈការអនុវត្តនូវផែនការ និង គោលនយោបាយ ជាតិនានា ដែលបានដាក់ចេញ ។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសនីមួយៗ, ការឈានទៅបញ្ចប់អំពើហិង្សាលើកុមារ ជារួមក៏តម្រូវឱ្យមានកិច្ចសហការជាសាកល ជាពិសេសក្នុងបរិបទនៃការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបន្ទច់បង្អាក់នូវវឌ្ឍនភាពនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាក់ទងទៅនឹង ការបញ្ចប់អំពើហិង្សាលើកុមារ ។ ឆ្លៀតឱកាសនេះ, ខ្ញុំសូមចូលរួមជាមតិយោបល់មួយចំនួន សំដៅឈាន ឆ្ពោះទៅបញ្ចប់អំពើហិង្សាលើកុមារជាសាកល ដូចខាងក្រោម ៖
ទី១, លើកកម្ពស់ស្មារតីរួបរួមគ្នា និង ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ទាំង ទ្វេភាគី និង ពហុភាគី ដើម្បីលើកស្ទួយសុខុមាលកុមារ និង កិច្ចការពារកុមារ, ជាពិសេសពង្រឹងយន្តការ សម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ សំដៅចែករំលែកទិន្នន័យ និង ព័ត៌មានសំខាន់ៗ ដើម្បី ចាត់វិធានការទាន់ពេល និង តឹងរ៉ឹងដាច់ខាត ចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ,
ទី២. ជំរុញការប្ដេជ្ញាចិត្តជាសាកល តាមរយៈការកៀរគរធនធាន ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដើម្បីគាំទ្រ និង ធានាចីរភាពនៃចលនាបញ្ចប់អំពើហិង្សាលើកុមារ ទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិ ក៏ដូចជាតំបន់ដទៃទៀត, និង
ទី៣. ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានា របស់ គោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ជាពិសេស ចំណុចដៅ ១៦.២ ៖ ការបញ្ចប់រាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើកុមារនៅត្រឹមឆាំ្ន ២០៣០ ៕