គណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ ពាក់ព័ន្ធការបំភ្លៃលើដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ដោយស្នើសុំឱ្យផ្តន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្ត១លានដុល្លារ

29

ភ្នំពេញ ៖ លោកមេធាវី គី តិច អត្តលេខ ១៥៦ មានការិយាល័យនាម ក្រុមហ៊ុនមេធាវីកម្ពុជាអាសយដ្ឋាន អគារលេខ ១៥៩-១៦១ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាមេធាវី តំណាង គណបក្សប្រជាជនកម្ពុជា ។

សូមគោរពជូន លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

កម្មវត្ថុ៖ ប្តឹងឈ្មោះ សុន ឆ័យ ភេទប្រុស កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៦ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៤០ ផ្លូវលេខ ៥៦៨ ភូមិ ២ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកមេធាវីបានបញ្ជាក់លោកព្រះរាជអាជ្ញា ជ្រាបថា : កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ សុន ឆ័យ បានចូលរួមផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាមួយអ្នកសម្របសម្រួលឈ្មោះ តាំង សារ៉ាដា ក្នុងកម្មវិធី អាយឌៀថក (Idea Talk) ក្រោមប្រធានបទ «តើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ មានភាពប្រក្រតី ឬមិនប្រក្រតីបែបណា?»។ កម្មវិធីអាយឌៀថក (Idea Talk) មានរយៈពេលសរុបប្រមាណ ២ម៉ោង ១០នាទី ៥៦វិនាទី ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (https://www.cambodiadaily.com), បណ្ដាញសង្គម Facebook, និង YouTube ។

ក្នុងបទសម្ភាសន៍នោះ ឈ្មោះ សុន ឆ័យ បានលើកឡើងដូចខាងក្រោម ៖

១/ នៅត្រង់ចំណុចថិរវេលា ១:០៤:១៧ នៃវីដេអូសម្ភាសន៍នោះ ឈ្មោះ សុន ឆ័យ បាននិយាយថា  លើកនេះវាគ្រប់គ្រងដោយគណបក្សមួយទាំងស្រុង ពីលើដល់ក្រោម គេចង់ធ្វើអីក៏បានដែរ  ។ សល់ប៉ុណ្ណឹង ។

២/ នៅត្រង់ចំណុចថិរវេលា ១:០៥:៤២ នៃវីដេអូសម្ភាសន៍នោះ ឈ្មោះ សុន ឆ័យ បាននិយាយថា លទ្ធផលហ្នឹង វាមិនឆ្លុះពីឆន្ទៈរបស់ពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បានវាសល់ប៉ុណ្ណឹង ។

៣/ នៅត្រង់ចំណុចថិរវេលា ១.០៨:៤០ យើងមិនចង់ប្រៀបធៀបថា ចោរលួចគោទេ ដូចយើង និយាយអីចឹង ចោរលួចគោ បើវាលួចគោ៣ហើយ យើងម៉េចក៏មិនឱ្យវាលួចទាំង៥ទៅ អានេះយើងនិយាយ ភាសាសាមញ្ញទៅចុះ នេះជាឆន្ទៈពលរដ្ឋ ឆន្ទៈមួយចំនួនត្រូវគេបំបាត់ វានៅសល់ឆន្ទៈមួយចំនួនដែលយើង ការពារបាន យើងយកឆន្ទៈហ្នឹងម៉ោ អាហ្នឹងជារបស់យើង យើងតស៊ូ តវ៉ា ពីរឿងអ្វីដែលបាត់ អាហ្នឹងវាជារឿង ធម្មតា វាមិនដែលអ្នកណាទៅឱ្យគេប្រមូលយកទាំងអស់នោះទេ អាហ្នឹងវាមិនអាចទេ ។

ការលើកឡើងខាងលើរបស់ឈ្មោះ សុន ឆ័យ គឺជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ជាការផ្តល់ ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ។ សេចក្តីដូចបានបញ្ជាក់ជូនខាងលើ ក្នុងនាមជាមេធាវីតំណាង គណបក្សប្រជាជនកម្ពុជា សុំប្តឹង និងសំណូមពរដូចខាងក្រោម ៖

– ស្នើសុំឱ្យធ្វើការពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់។