សមទេ ! ពេលអាសន្នរត់ពឹងអ្នកកាសែតជួយផ្សាយថា អ្នកនាងចោម ខ្វាន់ បោក លុះដល់ត្រើយ បោះពាក្យសម្តីដាក់អ្នកកាសែតបែបនេះទៅវិញ…

25

រាជធានីភ្នំពេញ៖ ពលរដ្ឋ៣នាក់ រត់មកពឹងពាក់អង្គភាពសារព័ត៌មានពោធិ៍មាស ញ៉ូស៍ ឲ្យជួយផ្សព្វផ្សាយរកយុត្តិធម៌រឿងរបស់ពួកគេ ថា អ្នកនាង ចោម ខ្វាន់ បោកពួកគាត់ទាំងអស់គ្នានូវប្រាក់រាប់ម៉ឺនដុល្លារ តែដឹងអី ! ក្រោយពីអង្គភាព ពោធិ៍មាស ញ៉ូស៍ មានចិត្តអាណិតអាសូគិតថា ពួកគេជាជនរងគ្រោះ និងជួយធ្វើការផ្សព្វផ្សាយរួច  ពោលគឺពេលដល់ត្រើយ ស្រាប់តែពួកគេ សងគុណដល់អ្នកកាសែត នូវពាក្យសម្តីយ៉ាងចុកៗបែបនេះទៅវិញ។

ប្រិយមិត្តជ្រាបហើយក្រោយពីអង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយរួច ហើយទំនងជាការងារមានដំណោះស្រាយបានផលដូចសមបំណង  ស្រាប់តែលោកស្រី សេន សុខចាន់ មិនដឹងជាគិតយ៉ាងម៉េច បែរជាចង់ទម្លាក់កំហុសឲ្យអ្នកកាសែតទៅវិញ  សង្ស័យតែភ្លេចសម្តីរបស់ខ្លួន កាលពេលមកពឹងអ្នកកាសែតហើយ ទើបនិយាយពាក្យមិនសមរម្យទៅកាន់លោកប្រាក់ ចាន់តូ ចាងហ្វាងសារព័ត៌មាន ពោធិ៍មាសញ៉ូស៍ ថា« មនុស្សមិនចេះគិតដល់គេអញ្ចឹង» ។ ជាមួយគ្នានោះ លោក Min Dina ដែលអះអាងថា ជាបងប្រុសរបស់លោកស្រី សេន សុខចាន់ បានផ្ញើសារមកកាន់លោកប្រាក់ ចាន់តូ ថា«ដោយសារតែបងផុសមិនមានការផ្តល់ដំណឹង ឬអនុញ្ញាតពីសមីខ្លួនពីប្អូនស្រីរបស់ខ្ញុំ ចឹងរាល់មានការប្តឹងផ្តល់ ឬស្រាយបំភ្លឺអ្វីទាក់ទងជាមួយបង យើងមិនទទួលខុសត្រូវឡើយ។ សូមអរគុណ!»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន៣នាក់ បានមកពឹងអ្នកពាក់អង្គភាពសារព័ត៌មានពោធិ៍មាស ញ៉ូស៍ ឲ្យជួយធ្វើការផ្សព្វផ្សាយ ដោយទាមទារឲ្យសហគ្រាស ចំរើន សុវត្ថិភាព សងប្រាក់ពួកគាត់វិញ ។ ពេលនោះ លោកស្រី ចេង ស្រីនាង មានទីលំនៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមង្គល ខេត្តបាត់ដំបង បានរៀបរាប់បញ្ជាក់ថា« គាត់បានកាត់កញ្ចប់ពីក្រុមហ៊ុន ចំរើន សុវត្ថិភាព ក្នុងទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ដោយកក់ឲ្យក្រុមហ៊ុនបានចំនួន២៥០០០ដុល្លារ ហើយខាងក្រុមហ៊ុនកាត់គ្រឿងឲ្យមកគាត់ ក្នុងតម្លៃទឹកប្រាក់ជិត១០០០០ដុល្លារវិញ ហើយលុយគាត់នៅសល់១៥ ០៥១ដុល្លារទៀត»។

លោកស្រី ចេង ស្រីនាង បានរៀបរាប់បន្តថា « ខាងក្រុមហ៊ុននិយាយកុហក ដោះសាររហូត ជាពិសេសគឺគ្រឿងមិនគ្រប់ទឹកទេ ។ ដំបូងឡើយ ខាងក្រុមហ៊ុនសន្យាថានឹងបាញ់លុយឲ្យគ្រប់ចំនួនវិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តែដល់ថ្ងៃកំណត មិនឃើញបាញ់ឲ្យទេ រួចប្រាប់ថា ចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នឹងបាញ់ឲ្យអស់តែម្តង តែដល់ថ្ងៃកំណត់នៅតែមិនឃេីញបាញ់ឲ្យដដែល ដោយមានការសន្យាខ្យល់ ទើបពួកគាត់សម្រេចចិត្តមកពឹងពាក់ឲ្យសារព័ត៌មានពោធិ៍មាស ជួយផ្សព្វផ្សាយ។

លោកស្រី នីម ចាន់ធី រស់នៅភូមិកំពង់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានមកជាមួយគ្នានោះដែរ បានរៀបរាប់ថា « ក្រុមហ៊ុន ចំរើន សុវត្ថិភាព គ្មានទំនួលខុសត្រូវ ដោយនិយាយកុហកពីមួយថ្ងៃទៅមួយថ្ងៃ ទើបគាត់មកសុំផ្តាច់កុងត្រាវិញ ហើយក្រុមហ៊ុនសន្យាថា បាញ់ប្រាក់ឲ្យ៣ដំណាក់កាល និងសន្យាថា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២បាញ់ឲ្យ៥ពាន់ដុល្លារ តែតាមពិតបាញ់ឲ្យតែ២ពាន់ដុល្លារប៉ុណ្ណោះ។ បន្ទាប់មកប្រាប់ថា នឹងបាញ់ឲ្យថ្ងៃទី១៩ ទៀត តែរហូតមកដល់ពេលនេះ មិនទាន់បាញ់ឲ្យទេ។ ចំពោះទឹកប្រាក់ដែលគាត់កាត់កញ្ចក់ពីក្រុមហ៊ុន គឺមានចំនួន២ម៉ឺនដុល្លារ ដោយកក់ឲ្យក្រុមហ៊ុនបានចំនួន១៣០០០ដុល្លារ ហើយក្រុមហ៊ុនចំរើន សុវត្ថិភាព ដែលគេស្គាល់ថាជារបស់អ្នកនាង ចោម ខ្វាន់។

ចំណែក លោកស្រី សេន សុខចាន់ រស់នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមកជាមួយគ្នានោះដែរ បានរៀបរាប់ថា « គាត់បានកាត់កញ្ចប់ពីក្រុមហ៊ុន ចំរើន សុវត្ថិភាព ក្នុងទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ដោយកក់ឲ្យក្រុមហ៊ុនបានចំនួន២៥០០០ដុល្លារ តែខាងក្រុមហ៊ុនចំរើន សុវត្ថិភាព មិនបានផ្តល់គ្រឿងឲ្យគាត់ទេ រហូតមកដល់ពេលនេះ ទើបគាត់សុំផ្តាច់កុងត្រាធ្វើនូវថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយក្រុមហ៊ុនថា នឹងបាញ់លុយឲ្យវិញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ចំនួន១ម៉ឺនដុល្លារ តែមិនបានបាញ់ឲ្យទេ ក្រុមហ៊ុនថាសុំលើកមកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នឹងបាញ់ឲ្យ តែរហូតមកដល់ពេលនេះ ក៏មិនទាន់ឃើញដែរ។ មិនត្រឹមតែប៉ុណ្ណោះ ខាងក្រុមហ៊ុនគំរាមគាត់ថា បើគាត់ទៅដល់ក្រុមហ៊ុននោះ ខាងក្រុមហ៊ុនមិនសងនោះទេ អ៊ីចឹងហើយ ទើបពួកគាត់សម្រេចចិត្តមកសុំឲ្យសារព័ត៌មានជួយផ្សព្វផ្សាយឲ្យបានដឹងដល់សម្តេចផង ហើយគាត់សុំឲ្យខាងក្រុមហ៊ុន សងលុយគាត់គ្រប់ចំនួនវិញ ២៥០០០ដុល្លារ »។

ដោយឡែក អ្នកនាងចោម ខ្វាន់ ធ្លាប់បានប្រាប់អង្គភាពពោធិ៍មាស តាមរយៈ Telegram   កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ម្តងរួមកហើយ ថា « តំណាងខ្លះខូចខ្លួនឯង យឺតយ៉ាវតិចតូច ក៏ទៅប្តឹងខាងអូន» ។

ជុំវិញនឹងករណីនេះ អង្គភាពសារព័ត៌មាន «ពោធិ៍មាសញ៉ូស៍» នៅតែរង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធបន្ថែមទៀត ជានិច្ចរាល់ម៉ោងធ្វើការ៕

សូមទស្សនាវីដេអូមួយជ្រុងថ្ងៃដែលពួកគាត់មកពឹងពាក់សារពត៌មាន ពោធិ៍មាសញ៉ូស៍ ជួយផ្សាយ