ភ្នំពេញ ៖ ផ្ទះជួសជុលទូរស័ព្ទដៃមួយកន្លែងក្នុងខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ធ្វើការអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង កាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះយីហោ ជាង វិច្ឆិកា ជួសជុលទូរសព្ទ័ដៃ ស្ថិតតាមបណ្ដោយផ្លូវបេតុងបឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ម្ចាស់ផ្ទះជួលមានឈ្មោះ ម៉ម វិច្ឆិកា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ជាងជួសជុល ទូរស័ព្ទ ស្នាក់នៅកន្លែងកេីតហេតុ ។ដោយផ្ទះដែលឆាបឆេះមានទំហំ ៣ម៉ែត្រគុណ៤ម៉ែត្រ ប្រភេទបេតុងប្រក់ស័ង្កសី ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់ជិតផ្ទះកេីតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ គឺម្ចាស់ផ្ទះបានចាក់សោរចោលហើយចេញទៅក្រៅបាត់ ។ លុះដល់ម៉ោងកេីតហេតុស្រាប់តែមានអណ្តាតភ្លេីង និងផ្សែងហុយចេញពីផ្ទះជួសជុលទូរស័ព្ទដៃ ទេីបបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាចេញមកស្រែកឆោឡោថាមានភ្លើងឆេះផ្ទះៗ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានសុំរថយន្ដពន្លត់អគ្គិភ័យ មកបាញ់ទឹកពន្លត់ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម ក្រុមការងារជំនាញរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រចាំនៅសាលាខណ្ឌដង្កោ ចំនួន១គ្រឿង និងរថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿងបានមកដល់ និងបានគាស់សោរទ្វារផ្ទះចេញ ហើយធ្វើការបាញ់ទឹកពន្លត់ អស់ទឹកចំនួន២រថយន្ត ភ្លើងក៏រលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃដដែល ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះមិនបង្កឲ្យមានការឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរគ្នានោះទេ ហេីយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះដែរ គឺគ្រាន់តែខូចខាតសម្ភារមួយចំនួនធំនៅជាន់ឡៅតឿតែប៉ុណ្ណោះ ។ ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យថា បណ្ដាលមកពីទុស្សេខ្សែភ្លើង ៕