ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកពេជ្រ វិជ្ជាធរ នៅព្រឹកថ្ងៃទី ១០មិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតអភិបាលរងខេត្តបាត់ដំបងម្នាក់ និងអតីតឧកញ៉ាអ្នកមានទ្រព្យស្តុកស្ដម្ភម្នាក់ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ ៧ឆ្នាំ ក្រោមការចោទប្រកាន់ក្នុងម្នាក់ៗ៤បទល្មើស ។
ជនជាប់ចោទទាំង២នាក់គឺលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង និងលោក សង ថន អ្នកមានទ្រព្យដ៏កំពូលម្នាក់នៅក្នុងស្រុកកោះក្រឡ ខេត្តបាត់ដំបង ។
តាមអំណាចសាលក្រមរបស់លោកចៅក្រម ពេជ្រ វិជ្ជាធរ បានចោទប្រកាន់លោក ស៊ូ អារ៉ាហ្វាត់ និងលោកអតីតឧកញ៉ា សង ថន ពីបទ « ប្រើប្រាសឯកសារសាធារណៈក្លែង ,បទផ្ដើមគំនិតបំផ្លាញដោយចេតនា , បទគៃបំបាត់ដោយទុច្ចរិត និងបទសូកប៉ាន់ » ។
សេចក្ដីសម្រេចនេះបានបើកផ្លូវឱ្យជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើយល់ថាអយុត្តិធម៌សម្រាប់ខ្លួន ។
សូមរំលឹកថាកាលពីថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងអតីតឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង រឿងពុករលួយលក់ដីរដ្ឋ៥ពាន់ហិកតា នៅស្រុកគាស់ក្រឡ ក្រោយបញ្ចប់សវនាការលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២ ដើម្បីប្រកាសសាលក្រម។
ជនជាប់ចោទ១.ឈ្មោះ ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង ជាប់ចោទពីបទ.១.បំផ្លាញដោយចេតនា ២. គៃបំបាត់ដោយទុច្ចរិត និង៣. ស៊ីសំណូក។
២.ឈ្មោះ សង ថន ភេទប្រុសអាយុ៧០ឆ្នាំ(អតីតឧកញ៉ា) ជាប់ចោទពីបទ ១. ប្រើប្រាស់ឯកសារសាធារណៈក្លែង ២. ផ្តើមគំនិតក្នងបទបំផ្លិចបំផ្លាញដោយចេតនា ៣. គៃបំបាត់ដោយទុច្ចរិត និង៤.សូកប៉ាន់ ។
ចៅក្រមស៊ើបសួរលោក អ៉ឹម វណ្ណៈ សម្រេចចេញដីកាឃុំខ្លនជនជាប់ចោទឈ្មោះ សង ថន ពន្ធនាគារព្រៃស ម១ ចំណែកជនត្រូវចោទឈ្មោះ ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង ត្រូវចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ PJ ។
កាលពីព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថា លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការនៅភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធ នឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ។
អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនលោក ស៊ូ អារ៉ាហ្វាត់អតីតអភិបាលរងខេត្តបាត់ដំបងនិង ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ចំណែកលោកឧកញ៉ា សង ថន ត្រូវអង្គភាព ACU ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះដែរ ។
អង្គភាពACUបានលើកឡើងថាការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ារូបនោះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ទាំងមូល ៕