ខេត្តក្រចេះ ៖ បុរសជាជនជាតិខ្មែរអ៊ិស្លាមមួយរូបត្រូវនគរបាលស្រុកស្រួលឃាត់ខ្លួនតាមបណ្ដឹងស្ត្រីចំណាស់ជាម្តាយព្រោះតែកូននេះបានដុតផ្ទះខ្ទមដែលកំពុងរស់នៅសព្វថ្ងៃឆេះម៉ត់អស់រលីង។ សមត្ថកិច្ចបានត្រឹមតែឃាត់ ខ្លួនបុរសនោះតែប៉ុណ្ណោះ ប៉ុន្តែផ្ទះសំបែងដែលជាលំនៅ ឋានរស់នៅប្រចាំថ្ងៃឆេះអស់ទៅហើយ។
បុរសម្នាក់ជាកូនត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ធ្វើការចាប់ខ្លួន ទៅតាមបណ្តឹងរបស់ស្រ្តីជាម្តាយ បន្ទាប់ពីជននេះ បានធ្វើសកម្មភាព ដុតបំផ្លាញផ្ទះតៀមមួយខ្នងជារបស់ខ្លួនឯងបណ្តាលអោយឆេះខូចខាតស្ទើរទាំងស្រុងអស់ទៅហើយ។
យោងតាមបណ្តឹងរបស់ស្រ្តីឈ្មោះ រូន រ៉ម៉ាស់ អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅចំណុចស្បែកកើត ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល បានប្តឹងមកនគរបាលស្រុកស្នួលថា កាលយប់ថ្ងៃទី០៨ ខែមិថុនា កូនប្រុសរបស់គាត់ឈ្មោះ ណូ នី អាយុ៤៦ឆ្នាំ បានធ្វើសកម្មភាពដុតបំផ្លាញផ្ទះតៀមមួយខ្នងដែលមានទំហំ៦×៧ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី បណ្ដាលអោយឆេះខូចខាតស្ទើរទាំងស្រុង។
ក្រោយទទួលបានបណ្តឹងជននេះ ត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានស្រាវជ្រាវតាមចាប់ខ្លួនបាននៅព្រឹកថ្ងៃទី៩ ខែមិថុនា ខណៈរូបគេកំពុងព្យាយាមរត់គេច។
នៅចំពោះមុខនគរបាលជនដៃដល់ជាកូនរូបនេះ បានឆ្លើយសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាព ដុតបំផ្លិចបំផ្លាញផ្ទះខ្លួនឯងប្រាកដមែន មូលហេតុដោយ សាររូបគេខឹងនឹងអ្នកជិតខាង ប្រមាថមើលងាយថារូបគេជាមនុស្សញៀនថ្នាំ។
បច្ចប្បន្នជនសង្ស័យត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល៕