រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២នេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងសហការី បានចុះពិនិត្យស្ថានភាព និងស្រង់ស្ថិតិជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយកន្លែង ដែលបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៦ ខែមករានេះ ស្ថិតនៅចំណុចផ្ទះផ្ទុកក្រណាត់បោះដុំមួយល្វែង ផ្លូវបេតុង ក្រុម១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលបណ្តាលឱ្យម្ចាស់ផ្ទះឈ្មោះ ប៉េង សូនី ភេទស្រី និងស្ត្រីម្នាក់ទៀតរងរបួសស្រាល ព្រមទាំងកូនស្រីរបស់ម្ចាស់ផ្ទះបានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនដល់មន្ទីរពេទ្យ រួមនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ក្រណាត់សម្រាប់បោះដុំ និងរថយន្តតូយ៉ូតាព្រូសពណ៌ទឹកប្រាក់១គ្រឿងរងការខូចខាតទាំងស្រុង ។
នាខណៈនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានសម្តែងនូវការចូលរួមសោកស្តាយ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយគ្រួសាររងគ្រោះ ជាពិសេសការបាត់បង់អាយុជីវិតកូនស្រីជាទីស្រលាញ់ ។ ទន្ទឹមនឹងនេះលោកនាយកប្រតិបត្តិសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជានិច្ចនូវ ភ្លេីងទៀន ធូប ចង្ក្រាន ហ្គាស និងវត្ថុផ្សេងៗដែលងាយឆាបឆេះ និងការតបណ្តាញអគ្គិសនីប្រេីប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានត្រឹមត្រូវ ដេីម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកេីតមានឡេីងជាយថាហេតុ ៕