ពិតជាង ប្រហើនណាស់! ក្មេងទំនើង១ក្រុម កា ប់ នគរបាលយុត្តិធម៌ម្នាក់បណ្ដាលឱ្យរងរបួ ស ធ្ងន់

133

ខេត្តពោធិ៍សាត់ ៖ ក្មេងទំនើងប្រុសស្រី១ក្រុមមានគ្នាប្រមាណ១០នាក់ និងមធ្យោបាយធ្វើដំណើរដោយម៉ូតូចំនួន៥គ្រឿង ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើការឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីចុះធ្វើអន្តរាគមន៍លើករណីក្មេងស្ទាវ១ក្រុមកំពុងដេញកាប់ចាក់គ្នា ខណៈនោះលោកនាយរងផ្នែកនគរបាលយុត្តិធម៌ម្នាក់ត្រូវក្រុមស្ទាវទាំងនោះកាប់ឱ្យរងរបួសធ្ងន់។

ករណីសមត្ថកិច្ចនគរបាលរងរបួស ពេលចុះបំពេញបេសកកម្ម(អន្តរាគមន៍)បង្រ្កាបក្រុមក្មេងទំនើង និងឃាត់ខ្លួនយកមកសួរនាំនោះត្រូវបានធ្វើឡើងនៅយប់ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅលើដងផ្លូវកៅស៊ូលេខ១០១ ត្រង់ចំណុចសួនច្បារមុខធនាគារជាតិ ស្ថិតក្នុងភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានានៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងមានក្មេងៗ១ក្រុមមានគ្នាប្រមាណ៥នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពកាប់គូទំនាស់១ក្រុមទៀត និងកាប់កម្ទេចម៉ូតូចំនួន២គ្រឿងផងដែរ ហើយខណៈដែលកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងពោធិ៍សាត់ចេញទៅជួយធ្វើអន្តរាគមន៍ត្រូវក្រុមជនបង្កកាប់មកលើលោក អនុសេនីយ៍ទោ សុន កុសល នាយរងផ្នែកនគរបាលយុត្តិធម៌ បណ្ដាលឲ្យរងរបួសដៃទាំងសងខាងយ៉ាងធ្ងន់ រួចនាំគ្នាគេចខ្លួនបាត់អស់ទៅ។

បច្ចុប្បន្ននគរបាលដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំពោះមុខសញ្ញាសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរក។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបន្តទៀតថា បន្ទាប់កើតហេតុរួចសមត្ថកិច្ចបានបន្តឆែកឆេរលើក្មេងទំនើង និងឃាត់ខ្លួនបានប្រមាណ១០នាក់រួមជាមួយម៉ូតូចំនួន៥គ្រឿង នាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ៕