ភ្នំពេញ ៖ ផ្ទះស្តុកកំណាត់បោះដុំមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅជាប់ម្ចាស់ផ្ទះស្រីៗចំនួន៣នាក់នៅខាងក្នុង បណ្ដាលឱ្យឈ្លក់ផ្សែងភ្លេីង និង រលាកភ្លេីង កូនស្រីម្ចាស់ផ្ទះ១នាក់ធ្វើឱ្យស្លាប់បាត់បង់ជីវិត ចំណែកម្តាយនិងស្ត្រីម្នាក់ទៀត របួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅផ្ទះលេខ១C ផ្លូវបេតុង ភូមិបឹងសាឡាង ក្រុម១ នៅជាប់បុរីសម្បត្តិ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ម្ចាស់ផ្ទះកេីតហេតុ និងអ្នកស្នាក់នៅក្នុងផ្ទះ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជាអាជីវករលក់កំណាត់បោះដុំនៅផ្សារអូឡាំពិក បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតខាងផ្ទះកេីតហេតុ បានប្រាប់ឱ្យដឹងថា ផ្ទះដែលឆេះគឺមានស្តុកកំណាតពេញទុកសម្រាប់លក់បោះដុំនៅផ្សារអូឡាំពិក។ នៅមុនពេលកេីតហេតុ ពេលល្ងាច ម្ចាស់ផ្ទះបានដុតកម្ទេចកំណាត់នៅមុខផ្ទះរបស់គាត់ តែត្រូវសមត្ថកិច្ចមូលដ្ឋានចុះទៅហាមឃាត់ម្ចាស់ផ្ទះក៏ពន្លត់ភ្លើងវិញ ។
លុះដល់ម៉ោងកេីតហេតុ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅខាងក្នុងផ្ទះកេីតហេតុ និងខាងមុខផ្ទះឆេះរាលដាលដល់រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបណ្តាលឱ្យខូចខាតទាំងស្រុង ទេីបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាគោះទ្វារ និងស្រែកហៅម្ចាស់ផ្ទះ តែដោយសារតែភ្លើងឆេះខ្លាំងទៅហើយទេីបអ្នកនៅខាងក្នុងមិនអាចចេញមកក្រៅបាន គឺបានត្រឹមនាំគ្នារត់ទៅជាន់លើដំបូលដើម្បីគេចចេញពីអណ្ដាតភ្លើង។
ប្រភពពីប្រជាពលរដ្ឋដដែលបានបន្តទៀតថា ភ្លាមៗនោះគាត់ក៏រាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន សុំរថយន្ដពន្លត់អគ្គិភ័យជាច្រេីនគ្រឿងចេញមកធ្វើអន្តរាគមន៍ជួយសង្គ្រោះ ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចនៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់និងជួយសង្គ្រោះអាយុជីវិតមនុស្សដែលជាប់នៅខាងក្នុងបានដោយសុវត្ថិភាពចំនួន០២នាក់ គឺម្តាយនិងអ្នកស្នាក់នៅជាមួយគ្នា ចំណែកកូនស្រីម្ចាស់ ផ្ទះបានឈ្លក់ផ្សែង និងរលាកខ្លួនប្រាណសន្លប់ស្ដូកស្ដឹងនៅក្នុងផ្ទះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចូលទៅជួយសង្គ្រោះ និងបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ តែជាអកុសលដោយសារតែជនរងគ្រោះនៅក្នុងផ្សែងយូរពេកក៏បានដាច់ខ្យល់ស្លាប់ទៅ។
ចំពោះមូលហេតុដែលបង្កឱ្យមានអណ្ដាតភ្លើងឆាបឆេះនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានទេ ព្រោះកំពុងស្រាវជ្រាវរកមូលហេតុ ។ ចំពោះសម្ភារខូចខាតរួមមានកំណាត់យ៉ាងច្រើន ផ្ទះលេខ១Cខូចខាតទាំងស្រុង និងរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2BG-2501 ក៏ត្រូវភ្លើងឆេះខូចខាតទាំងស្រុងដែរ។
ក្នុងប្រតិបត្តិការការនេះផងដែរកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនរថយន្តទើបបាញ់ទឹកពន្លត់រលត់ជាស្ថាពរ៕