ភ្នំពេញ ៖ ក្រសួងព័ត៌មាន សូមជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ។
កម្មវត្ថុ: បញ្ឈប់គ្រប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ មុនបោះឆ្នោតមួយថ្ងៃ។ យោងៈ ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
លោក អ៊ុក ប្រាថ្នា រដ្ខលេខាធិការ ក្រសួងព័ត៌មាន បានបញ្ជាក់ថា, តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ត្រូវបិទបញ្ឈប់គ្រប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ទុករយៈពេល២៤ម៉ោង មុនថ្ងៃបោះឆ្នោត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
ដើម្បីរក្សាភាពស្ងៀមស្ងាត់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោតធ្វើការសម្រេចចិត្តជ្រើសរើស តំណាងស្របច្បាប់ទៅតាមឆន្ទៈរបស់ខ្លួនតាមបទប្បញ្ញត្តិច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រសួងព័ត៌មាន សូមធ្វើការណែនាំដល់ម្ចាស់ ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់គ្រប់សកម្មភាពឃោសនា ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ជាកំហិត។
មួយវិញទៀត ចំពោះស្ថានីយវិទ្យុដែលកន្លងមកបានលក់ ឬជួល ម៉ោងផ្សាយជាអចិន្ត្រៃយ៍ឱ្យវិទ្យុបរទេស ឬសមាគម អង្គការក្រៅរដ្ឋាភិបាល ឬគណបក្សនយោបាយចាក់ផ្សាយ កម្មវិធីព័ត៌មាននៅតាមស្ថានីយរបស់ខ្លួន ត្រូវផ្អាករយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី សហការអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងករណីប្រព្រឹត្តិល្មើស ក្រសួងព័ត៌មាន និង ចាត់វិធានការតាមនីតិវិធីច្បាប់។
សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ទទួលនូវការរាប់អានដ៏កក់ក្ដៅពីខ្ញុំ ៕