ភ្នំពេញ ៖ ជនសង្ស័យជាប្តីដែលកាត់ក្បាលប្រពន្ធព្រោះតែរឿងប្រចណ្ឌត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ។
ប្រភពបានបញ្ជាក់ថា ជនដៃដល់ជាឃាតករូបនោះត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ តាមស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបានកាលពីវេលាម៉ោងប្រមាណ២និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌព្រែកព្នៅ បន្ទាប់ពីជនដៃដលរូបនេះអារ.កកាត់ក្បាលប្រពន្ធកាលពីវេលាម៉ោងប្រមាណ៩និង១០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្នុងបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនដៃដល់ជាឃាតករូបនេះត្រូវសមត្ថកិច្ចឱ្យដឹងថា មានឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ចំណែកស្ត្រីជាប្រពន្ធវិញមានឈ្មោះ លី ស្រីនុច ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យនៅ SUNWAY TOURL KORK CITY និងមានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ស្ត្រីរងគ្រោះរូបនេះត្រូវបានប្តីកាត់.កសម្លា.ប់នៅក្នុងបន្ទប់ជួល ហើយក៏យកក្បាលច្រកចូលក្នុងបាវ រួចយកទៅបោះចោលនៅកន្លែងចំណតម៉ូតូ ។ តាមសមត្ថកិច្ចបានឱ្យដឹងដែរថា ករណីខាងលើនេះគឺផ្តើមចេញពីទំនាស់រឿងប្រចណ្ឌ ។ សមត្ថកិច្ចក៏បញ្ជាក់ទៀតថា ជនដៃដល់រូបនេះ គឺជាមនុស្សមានជំងឺសរសៃប្រសាទផងដែរ ។
បើតាមស្ត្រីជាម្ចាស់ផ្ទះជួលបានឱ្យដឹងថា ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅជាមួយប្តីតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។ នៅក្នុងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធ បុរសជាប្តីតែងតែមានទំនាស់គ្នារឿងប្រចណ្ឌ ហើយបន្ទាប់ពីកាត់កសម្លាប់ប្រពន្ធរួច បុរសជាប្តីក៏បានរត់គេចខ្លួនទៅស្រុកកំណើត ហើយក៏ត្រូវបានកម្លាំងនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមរកឃាត់ខ្លួនដល់ស្រុកកំណើតនៅខេត្តតាកែវ ។
ប៉ុន្តែត្រូវបានជនដៃដល់ដឹងខ្លួនក៏គេចមកតាមផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ តែក៏ត្រូវបានសមត្ថកិច្ចចម្រុះតាមឃាត់ខ្លួនបាន រួចបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌទួលគោកដើម្បីចាត់ការតាមច្បាប់៕