ខេត្តប៉ៃលិន ៖ សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានចុះឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង ១៨និង៥០នាទីព្រលប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះឈ្មោះ គង់ ចាន់ឌី ភេទប្រុស អាយុ ៧៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( ត្រូវជាឪពុក ជនសង្ស័យ) ពីករណីអំពើហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ចំនួន ០១ករណី កើតឡើងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនសង្ស័យឈ្មោះ គង់ ម៉ាប់ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចមូលដ្ឋានបានបន្តថា៖ ករណីនេះកើតឡើងដោយសារកូនប្រុសគាត់ បានប្រើប្រាស់នៅថ្នាំញៀន ហើយរករឿងអ្នកផ្ទះ ដោយយកកាំបិតដេញកាប់បងប្អូន ដុតសម្ភារ វាយបំបែកទ្វារកញ្ចក់ និងរករឿងគ្រួសាររៀងរាល់ថ្ងៃ។
វត្ថុតាងដកហូត៖ កាំបិតបុ័ងតោចំនួន ០១។
បច្ចុប្បន្ន៖ វត្ថុតាងត្រូវបានដកហូត និងជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធីច្បាប់ ៕