សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ៤នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារ ធាតុ ញៀន

87

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន  ០៤នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅ ថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០២២  ។

យោងតាមសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមាន ៖

ទី១ ឈ្មោះ ដួង  សាវ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី  ឃុំស្វាយចេក  ស្រុករំដួល ខេត្តស្វាយរៀង។

២.ឈ្មោះ សូ  ឧត្តមរាសី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃគាវ  ឃុំកំពង់ចក ស្រុករំដួល  ខេត្តស្វាយរៀង។

៣.ឈ្មោះ ប៉ុញ  សារ៉េន ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាក្រុង  ឃុំស្វាយចេក ស្រុករំដួល  ខេត្តស្វាយរៀង។

៤.ឈ្មោះ ទី  សំអូន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាក្រុង  ឃុំស្វាយចេក ស្រុករំដួល  ខេត្តស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ទៀតថានៅវេលាម៉ោង ៧ និង៣៥ នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ជាពីលោក សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួល ដឹកនាំដោយលោក  ស្រី វុត្ថា  មេបញ្ជាការរង ដោយមានការសម្របសម្រួលពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង  ចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិង ប្រើប្រាស់ដោយ ខុសច្បាប់នូវ សារធាតុញៀន ០១ លើក ក្នុងលំនៅឋានម្ចាស់ផ្ទះ ឈ្មោះ  ដួង  សាវ៉េត ភេទប្រុស  អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី  ឃុំស្វាយចេក  ស្រុករំដួល ខេត្តស្វាយរៀង  និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់ រួមទាំងវត្ថុតាងដកហូតបានរួមមាន៖ថ្នាំម្សៅក្រាមពណ៌សថ្លា ចំនួន ០២ កញ្ចប់ មានទម្ងន់ថ្នាំសុទ្ធ ៣៧,៦៨ ក្រាម ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង,ម៉ូតូចំនួន ០២គ្រឿង ,ទូរស័ព្ទដៃចំនួន ០៥គ្រឿងនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ៕