ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនម្នាក់ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែន E89753382 ដាក់ពន្ធនាគារកំណត់១០ឆ្នាំ និងពិន័យប្រាក់ចំនួន៣០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន៦០ដបទម្ងន់ជាង៥គីឡូក្រាម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ បានសហការជាមួយមន្ត្រីគយ និងរដ្ឋាករប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជាតាមរយ:ក្រុមហ៊ុន DHL ដែលបង្កប់លាក់សារធាតុញៀន(រាវ)ប្រភេទកេតាមីន( KETAMINE ) ក្នុងដបជ័រពណ៌ស ម៉ាក ALOE GEL ចំនួន៦០ដប មានទម្ងន់១០គីឡូក្រាម (គិតទាំងសំបក)។វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនកេតាមីន(KETAMIE) ៦០ដប ទម្ងន់សុទ្ធ ៥ គ.ក្រ ១៣៤.២០ក្រាម៕