ខេត្តក្រចេះ ៖ រថយន្តសាំយ៉ុងចំនួន០៣គ្រឿងដែលតែងតែប្រកបរបរដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ជាប្រចាំតាមផ្លូវជាតិក្នុងស្រុកស្នួល ខេត្តក្រចេះនោះ ឥឡូវត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកបានធ្វើការស្ទាក់បង្ក្រាបបានហើយរួចបានបញ្ជូនទៅរដ្ឋបាលព្រៃឈើចាត់ការបន្ត។
ការចុះបង្ក្រាបនោះដោយមានការបញ្ជាផ្ទាល់ពីលោកសាម ណាល់ អភិបាលស្រុកស្នួល និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក និងបានចាត់ឱ្យលោកសឿន សូលីប៊ែរ អនុប្រធានការិល័យសេដ្ឋកិច្ច សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្នួល កងកម្លាំងអាវុធហត្ថស្រុកស្នួល កម្លាំងបញ្ជាការ២នៃវរសេនាតូចលេខ៣បានស្ទាក់ចាប់ឃាត់បាននៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នៅឃុំស្រែចារ ស្រុកស្នួល ត្រង់ចំណុចគីឡូម៉ែត្រលេខ៦៦។
រថយន្តសាំយ៉ុងទាំង៣គ្រឿងនោះមានដឹកឈើអារប្រភេទលេខ២(ខ្លុង)ដោយគ្មានលិខិតអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើឡើយ។
ប្រភពពីកម្លាំងគណៈបញ្ជាការឯកភាពស្រុកសស្នួលបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការចុះស្ទាក់បង្ក្រាបបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់របស់មេឈ្មួញជើងខ្លាំងម្នាក់ឈ្មោះតឹង ដែលតែងតែលួចដឹកជញ្ជូនឈើជាញឹកញាប់ចេញពីតំបន់ស្រែឈូកនិងតំបន់មួយចំនួនទៀតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយឆ្ពោះមកចូលទីរួមស្រុកស្នួល ខេត្តក្រចេះ រួចបន្តឆ្លងចូលទៅទឹកដីខេត្តត្បូងឃ្មុំដើម្បីចែកចាយនៅតាមដេប៉ូ។
ប្រភពបន្តថា ដោយកម្លាំងសហការចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកស្នួលព្យាយាមចាំឆ្មក់ទើបធ្វើការបង្ក្រាបបានតែម្តងនៅឃុំស្រែចារ ស្រុកស្នួល ត្រង់ចំណុចគីឡូម៉ែត្រលេខ៦៦ដោយជោគជ័យ ប៉ុន្តែអ្នកបើករថយន្ដនោះបានដឹងខ្លួនមុនក៏ឈប់រថយន្តនាំគ្នារត់គេចខ្លួនចូលព្រៃបាត់ស្រមោលអស់ទៅ។
ការចុះបង្ក្រាបនោះដែរកម្លាំងយើងបានស្ទាក់រឹបអូសបានវត្ថុតាងរួមមាន៖ រថយន្តទី១ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់គ្មានស្លាកលេខចំនួន០១គ្រឿង , រថយន្តទី២ម៉ាកសាំយ៉ុង ពណ៑ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2D-1438 ចំនួន០១គ្រឿង, រថយន្តទី៣ពណ៌ទឹកប្រាក់ មានស្លាកលេខភ្នំពេញ2S- 4362 ចំនួន០១គ្រឿង។
ចំពោះវត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួលដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ។
ការចុះបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកស្នួលនេះ ប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំងផងដែរចំពោះចំណាត់ការរបស់អាជ្ញាធរស្រុក និងជំនាញសហការគ្នា ហើយពលរដ្ឋទាំងនោះបានសំណូមពរផងដែរឱ្យសមត្ថកិច្ចយើងនៅបន្តមានចំណាត់ការបង្រ្កាបក្រុមរថយន្តដឹកឈើទាំងអស់ដែលតែងតែមានសកម្មភាពជារៀងរាល់យយប់នោះ ព្រោះពួកគេបើកបរលឿនៗណាស់ បង្កការរំខានដល់អ្អ្នកធ្វើដំណើរនិងបង្កគ្រោះថ្នាក់លើដងផ្លូវជាញឹកញាប់ទៀតផង៕