ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកថា ការទទួលទង់ស៊ីហ្គេម សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងកីឡាករកីឡាការិនី ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធរហូតដល់៦៣មេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា។
ថ្លែងក្នុងឱកាសដឹកនាំប្រតិភូកីឡាជាន់ខ្ពស់ និងអត្តពលិកកម្ពុជាសរុប១៨០នាក់ ធ្វើមាតុភូមិនិវត្ដន៍វិញដោយនាំមកជាមួយនូវមេដាយមាស ប្រាក់ និងសំរិទ្ធជាច្រើនគ្រឿង ពិសេសទង់ស៊ីហ្គេម ដើម្បីបន្ដវេនធ្វើម្ចាស់ផ្ទះ កាលពីថ្ងៃទី ២៤ ខែឧសភា សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសពិតជាមានមោទនភាព ដែលកម្ពុជាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ទៀត ក្នុងទស្សនទានការទូតកីឡា និងកិត្យានុភាពជាតិ ក្នុងការនាំមកទង់សហព័ន្ធកីឡា SEA Games លើកទី៣២ នៅកម្ពុជា។
សម្តេចពិជ័យសេនា ក៏សូមអបអរសាទរ និងកោតសរ សើរចំពោះជ័យលាភីទាំង៦៣ មេដាយ មេដាយមាសចំនួន៩ មេដាយប្រាក់ចំនួន១៣ និងមេដាយសំរឹទ្ធចំនួន៤១ ដែលដណ្តើមបាន និងកត់ត្រាបន្ថែមក្នុងប្រវត្តិសាស្ត្រកីឡា SEA Games ដែលកម្ពុជាបំបែកឯតទគ្គកម្មមេដាយច្រើនជាងSEA Games មុនៗកន្លងមក និងជាសញ្ញាណល្អប្រពៃណាស់ សម្រាប់ស្វែងរកឧត្តមភាពមេដាយច្រើនថែមទៀត ក្នុងការប្រកួត SEA Games ឆ្នាំ២០២៣ នៅកម្ពុជា។
« ការទទួលទង់ស៊ីហ្គេម សម្រាប់ធ្វើម្ចាស់ផ្ទះរៀប ចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងកីឡាករ កីឡាការិនីជ័យ លាភីទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមនាពេលនេះ គឺជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិ សាស្ត្រសម្រាប់ព្រះរាជាណា ចក្រកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ តាមការសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានជ្រើសយកថ្ងៃទី៥ ខែ ឧសភា ជាពិធីបើកផ្លូវការ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ ពិធីបិទផ្លូវការ ការប្រកួតកីឡាស៊ីហ្គេម និងពិធីបើកជាផ្លូវការកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣»។
សូមបញ្ជាក់ថា ការចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាមរបស់ក្រុមអត្តពលិកលើកនេះ គឺជាបទពិសោធន៍យ៉ាងសំខាន់សម្រាប់ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិ បាល កំណត់យក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈពិធីបិទនឹងធ្វើឡើងនៅ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ដដែល៕