ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម ប្រារព្ធពិធីបិទផ្លូវការ និងផ្ទេរទង់ស៊ីហ្គេមជូនកម្ពុជា

25

ហាណូយ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២

ម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ វៀតណាម បានប្រារព្ធពិធីបិទការប្រកួតជាផ្លូវការកាលពីយប់ថ្ងៃ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ ហើយបានផ្ទេរទង់ស៊ីហ្គេមជូនដល់កម្ពុជា ដែលជាម្ចាស់ផ្ទះបន្តវេន ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងកម្មវិធីសម្តែងសិល្បៈវប្បធម៌ ការបង្ហាញក្បាច់គុនល្បុក្កតោ ដើម្បីបើកការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្តាមិត្ត ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមគាំទ្រមកស៊ីហ្គេម ឆ្នាំ២០២៣។

ពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះ បានធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម យ៉ាងអធិកអធម ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ។

សម្រាប់ថ្ងៃពិសេសក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានអញ្ជើញទទួលទង់ស៊ីហ្គេមផ្ទាល់ពីភាគីវៀតណាម ដើម្បីបន្ដវេនធ្វើម្ចាស់ផ្ទះនាឆ្នាំក្រោយ។ ជាមួយនឹងការទទួលទង់ស៊ីហ្គេមជាផ្លូវការនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមខ្ពស់ ក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន ក្រោយពីព្រឹត្តិការណ៍កីឡា ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងចំនួន៣១លើក ស្មើនឹង៦៤ឆ្នាំ។

ក្រោយទទួលបានទង់ស៊ីហ្គេម ជាផ្លូវការនៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះCAMSOC និង NOCC បានរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបន្ដដង្ហែទៅបញ្ចប់នៅទីស្នាក់ការ NOCC ។ តាមរយៈនេះ NOCC បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរពិធីដង្ហែទង់ស៊ីហ្គេម និងអត្តពលិកកម្ពុជា ដែលដណ្តើមបានមេដាយជូនជាតិ សរុបចំនួន ៦៣គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់១៣ និងសំរឹទ្ធិ៤១គ្រឿង ដែលនេះជាការបំណែកកំណត់ត្រា ជាប្រវត្តិសាស្ត្រថ្មីមួយ ច្រើនជាងពេលណាៗទាំងអស់ ៕