វីវរហើយ អ្នករកស៊ីភាគហ៊ុនដីឡូតិ៍ចាញ់បោកគ្រូជោគជ័យអស់ជាង២០ម៉ឺនដុល្លារ បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិនករណីរំលោភទំនុកចិត្ត ជេរប្រមាថ និងគម្រាមកំហែង

45

(ខេត្តប៉ៃលិន) ៖ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បុរសម្នាក់ជាម្ចាស់ភាគហ៊ុនវិនិយោគអចលនទ្រព្យ ពុះដីឡូត៍មួយកន្លែងយីហោ «គួយ ធាវី» ស្ថិតនៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន បានអះអាងថា ខ្លួនចាញ់បោកគ្រូជោគជ័យផ្នែកអចលនទ្រព្យម្នាក់អស់ប្រាក់ជាង៦០០០ដុល្លារ ត្រូវគ្រួសារស្តីបន្ទោស ខណ:ក្រុមការងារសរុបចំនួន៦៦នាក់ចាញ់បោកអស់ជាង២០ម៉ឺនដុល្លារ ថែមទាំងទទួលរងការជេរប្រមាថមើលងាយ គម្រាមកំហែងតាមរយ:ការឡាយវីដេអូ (Video Live) ក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងថែមទៀតលុះទ្រាំមិនបានក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា គ្រូជោគជ័យដែលគេអះអាងថា បោកប្រាស់ថវិកាវិនិយោគដីឡូតិ៍ អស់ជាង២០ម៉ឺនដុល្លារ មានឈ្មោះ គួយ ធាវី ភេទប្រុស អាយុ៦២ឆ្នាំ មានប្រពន្ធ ឈ្មោះ ចាន់ សុភ័ក្ត្រ អាយុ៣៩ឆ្នាំ រស់នៅផ្ទះលេខ៥៥ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមលោក ឡៃ វណ្ណា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានរៀបរាប់ទាំងក្តីឈឺចាប់ឱ្យដឹងថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ លោក និងក្រុមការងារមកពីតាមបណ្តាខេត្តនានាដូចជា ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ សរុប៦៦នាក់បានចូលរួមសិក្ខាសាលាជាលើកទី១ ជាមួយលោកបណ្ឌិត គួយ ធាវី នៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងលើកទី២ នៅខេត្តប៉ៃលិន ក្នុងឆ្នាំដដែល។

លោកបន្តថា ពេលចប់ការបង្រៀន ម្នាក់ៗយល់ពីគោលបំណងក្រុមហ៊ុនអចលនទ្រព្យ ក៏នាំគ្នាប្រមូល លុយបានសរុបជាង ២០០,០០០ដុល្លារឱ្យទៅគ្រូជោគជ័យបោកប្រាស់ ឈ្មោះ គួយ ធាវី ទិញដីដែលមានទំហំជាង២ហិកតាពីម្ចាស់ ដីឈ្មោះ ណុប សេរីយុទ្ធ អតីតស្នងការរងនគរបាលខេត្តប៉ៃលិន នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួចក៏ពុះអង្កន់ជាឡូតិ៍លក់តែម្តង។ លោកបន្តទៀតទាំងហួសចិត្តថា ដោយសារការជឿទុកចិត្តចំពោះលោកបណ្ឌិត គួយ ធាវី ទើបក្រុមការងារលោកទាំង៦៦នាក់បានដាក់ភាគហ៊ុនតាមលទ្ធភាពទិញដីរួមគ្នាបន្ទាប់មកក៏ពុះជាឡូតិ៍បាន១២៣ឡូតិ៍ ដែលមានក្បាលប្រវែង ៥ទៅ១០ម៉ែត្រ បណ្តោយប្រវែង២០ម៉ែត្រ ហើយលក់ត្រឹមតែរយ: ពេល៣ខែប៉ុណ្ណោះគឺអតិថិជនទិញ និងបង់រំលោះអស់រលីង ដោយអ្នកខ្លះទិញ១ទៅ២ឡូតិ៍ ខ្លះទិញ៣ទៅ៤ឡូតិ៍ ក្នុង១ឡូតិ៍មានតម្លៃ ៣០០០ ទៅ៤៦០០ដុល្លារ និងកន្លែងខ្លះលក់តម្លៃជាង១ម៉ឺនដុល្លារ។ ដោយសារការជឿទុកចិត្តនិងគិតថា គាត់ជាមនុស្សល្អ ជាសាស្រ្តាចារ្យម្នាក់ មានចំណេះដឹងខ្ពង់ខ្ពស់គួរឱ្យគោរពរាប់អានទើបហ៊ានចូលហ៊ុនទិញដីនោះ ដោយអ្នកខ្លះបានប្រគល់លុយសុទ្ឋផ្ទាល់ដៃ អ្នកខ្លះវេរតាមវីង អ្នកខ្លះទៀត វេរពីធនាគារអេស៊ីលីដា និង ABAជាដើម។ ទោះបីជាប្រពន្ធកូនហាមឃាត់ក៏មិនព្រមស្តាប់ដែរ លុះក្រោយមកមានការស្តីបន្ទោសពីក្រុមគ្រួសារយ៉ាងខ្លាំងស្ទើរតែ ងើបមុខមិនរួចរហូតមកដល់ពេលនេះ ម្ចាស់ដីខាងលើកំពុងរកវិធីកាត់ដីតាមចំនួនទឹកប្រាក់ នៅសល់ជាង៥០០០០ដុល្លារ ត្រលប់មកវិញ ដោយឱ្យតម្លៃ១ម៉ែត្រការ៉េត្រឹមតែ១១ដុល្លារដូចអ្វីដែលបានលក់ជូនក្រុមហ៊ុនដីឡូតិ៍ប៉ុណ្ណោះ។

លោកក៏ទទូចសុំឱ្យខាងសាលាដំបូងខេត្តប៉ៃលិន ចាត់ការចំពោះរឿងការរំលោភទំនុកចិត្ត ការជេរប្រមាថមើលងាយ និងការគម្រាមកំហែងនេះ ឱ្យបានឆាប់រហ័សខណ:រហូតមកដល់ពេលនេះអស់ រយ:ពេលជាង២ខែហើយមិនទាន់ទទួលបានលទ្ធផលដោយខាងតុលាការហៅសួរនាំម្តងទៅ២ដងដែរ។ តាមពាក្យបណ្តឹងចូលអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ចុះលេខ១០៩ ចុះថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២២ អមដោយស្នាមមេដៃ និងមានការប្រថាប់ត្រាពីមេធាវីលោក ហែម ពល មានកម្មវត្ថុចែង ថា សូមប្តឹងពីឈ្មោះ គួយ ធាវី ភេទប្រុស កើតឆ្នាំ១៩៦០ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ លេខ០១០ ៨៩០ ៦៩៣ ទីលំនៅបច្ចុប្បន្ន ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទរំលោភទំនុកចិត្ត បទជេរប្រមាថ និងបទគំរាមកំហែង ប្រព្រឹត្តិនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីឆ្នាំ២០១៩ យោងតាមមាត្រា 391, 394, 307, និងមាត្រា២៣១ នៃក្រមព្រហ្មទណ្ឌ។ ម្យ៉ាងវិញទៀត ដោយមានជំនឿទុកចិត្តលើសមត្ថភាពរបស់គាត់ក៏បានដាក់ទុនចូលហ៊ុនតាមលទ្ឋភាពរបស់សមាជិកនីមួយៗ សរុបជាទឹកប្រាក់មានចំនួន ២៧៦,៥១៨ដុល្លារ (តម្លៃដី)។ ពាក្យបណ្តឹងបន្តថា បន្ទាប់ពីដំណើរការពុះដីឡូត៍លក់បានប្រាក់ ជាបន្តបន្ទាប់បុរសខាងលើបានបង្ករឿងប្រឌិតកំហុស ដេញកំចាត់កំចាយឱ្យដកខ្លួនម្តងម្នាក់ៗ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក គួយ ធាវី បានឱ្យដឹងថា អ្នកដែលចូលភាគហ៊ុនជាមួយលោក ជាអ្នកចង់ផ្តួលលោកហើយមេការ ដីឡូតិ៍ជាច្រើនត្រូវបានប្តូរដោយសារតែជាក្រុមអ្នកបង្ករឿងក្នុង ដីឡូតិ៍ ធ្វើឱ្យលោកធ្លាក់មកដល់ស្ថានភាពសព្វថ្ងៃ។ លោកបន្តថា លោកត្រូវប្តឹងយូរហើយក៏ត្រូវប្តឹងឥឡូវនេះដែរតែមិនចង់រវល់ទេ ចង់ទុកពេលធ្វើការងារល្អជាង។